ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥
លោកប្រធានាធិបតីអាមេរិកDonald Trump បាននិយាយថា បុគ្គលិកសហព័ន្ធអាចត្រូវបញ្ឈប់ពីការងារ ហើយគម្រោងជាច្រើននឹងត្រូវកាត់ ប្រសិនបើការបិទរដ្ឋាភិបាលអាមេរិក នៅតែបន្ត ទោះជាប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា ប្រជាជនអាមេរិកអាចទទួលបានប្រាក់វិញពីចំណូលពន្ធថ្មីរបស់អាមេរិកក៏ដោយ។
លោកTrump បាននិយាយពាក់ព័ន្ធនឹងអ្នកនយោបាយគណបក្សប្រជាធិបតេយ្យនៅក្នុងសភាដូច្នេះថា«អាចមានការបញ្ឈប់បុគ្គលិក ហើយនោះជាកំហុសពួកគេ(អ្នកនយោបាយគណបក្សប្រជាធិបតេយ្យ»។ នេះជាចម្លើយតបរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃពុធ (១តុលា)ពាក់ព័ន្ធនិងការជូនដំណឹងនាពេលថ្មីៗពីការិយាល័យគ្រប់គ្រង និងថវិកា។
ប្រធានាធិបតិអាមេរិករូបនេះបន្តថា យើងអាចកាត់គម្រោងដែលក្រុមអ្នកនយោបាយប្រជាធិបតេយ្យចង់បាន ហើយគម្រោងទាំងអស់នោះ នឹងត្រូវកាត់ចោលជារៀងរហូត។ លោកបន្ថែមថា លោកអនុញាតិឱ្យកាត់គម្រោងដែលមិនទទួលបានការអនុម័ត្តតាំងពីដំបូង។
រដ្ឋាភិបាលសហព័ន្ធអាមេរិក បានបិទការបម្រើការងារសម្រាប់វិស័យខ្លះនៅថ្ងៃពុធ បន្ទាប់ពីសភាអាមេរិក មិនមានការកិច្ចព្រមព្រៀងទៅលើច្បាប់មូលនិធិ ហើយមានតែការផ្នែកបម្រើការងារសម្រាប់កិច្ចការចាំបាច់ប៉ុណ្ណោះ នៅបន្តបម្រើការងារ។
លោកDonald Trump លើកឡើងថា ប្រាក់ចំណូលពីពន្ធថ្មីរបស់អាមេរិកទើបតែចាប់ផ្តើមប្រមូល ប៉ុន្តែប្រាក់ចំណូលនេះ នឹងកើនឡើងដល់១ទ្រីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោកTrump និយាយថា មួយចំណែកនៃប្រាក់ចំណូលនេះ នឹងយកទៅសងបំណុលរបស់រដ្ឋាភិបាលអាមេរិក ដែលអាចមានដល់ទៅ៣៨ទ្រីលានដុល្លារអាមេរិក។
ប្រែសម្រួល៖ណាវ័ន្ត