ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅថ្ងៃព្រហស្បតិ៍(២តុលា) បាននិយាយថា សេដ្ឋកិច្ចពិភពលោកនឹងមិនអាចដំណើរការទៅបានឡើយ បើគ្មានប្រេងពីប្រទេសរុស្ស៊ី ដោយបានព្រមានថា តម្លៃប្រេងនឹងហក់ឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ប្រសិនបើការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ីត្រូវបានកាត់ផ្តាច់។
«មិនអាចទៅរួចឡើយ ដែលយល់ថា ការបាត់បង់បរិមាណប្រេងនាំចេញពីប្រទេសរុស្ស៊ី ធ្វើឱ្យស្ថានភាពជាប្រក្រតីនៅក្នុងសេដ្ឋកិច្ចសាកលលោក និងវិស័យថាមពល នឹងនៅរក្សាបានដដែល»។នេះជាការលើកឡើងរបស់លោកប្រធានាធិបតីPutin ក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំValdai Discussion Club នៅទីក្រុងស៊ូឈិ ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍(២តុលា)។
ប្រធានាធិបតីអាយុ៧២ឆ្នាំ រូបនេះ បន្តថា មកសាកល្បងគិតមើល ក្រុមហ៊ុនផលិតរបស់ប្រទេសរុស្ស៊ី និងពាណិជ្ជកររុស្ស៊ីជាអ្នកផ្គត់ផ្គង់ប្រេងមួយចំណែកធំទៅកាន់ពិភពលោកនោះ បើគ្មានពួកគេ តម្លៃប្រេងនឹងហក់ឡើងខ្លាំងលើស១០០ដុល្លារក្នុងមួយបារ៉ែលភ្លាមៗតែម្តង។
លោកប្រធានាធិបតីអាមេរិក Donald Trump បានជំរុញឱ្យសហភាពអ៊ឺរ៉ុប ប្រទេសឥណ្ឌា និងប្រទេសចិនឈប់ទិញប្រេងពីប្រទេសរុស្ស៊ី ដើម្បីកាត់បន្ថយសមត្ថភាពរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូកុំឱ្យមានថវិកាទៅធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
ប្រែសម្រួល៖ណាវ័ន្ត