ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
កំពូលតារាល្បីៗជាច្រើនបានចូលរួមបង្ហាញម៉ូដសម្រាប់ម៉ាក L'Oreal នៅក្នុងកំលុងព្រឹត្តិការណ៍សប្ដាហ៍ម៉ូដ Paris Fashion Week ដែលទើបចាប់ផ្ដើមកាលពីថ្ងៃច័ន្ទនេះ។ម៉ាកយីហោគ្រឿងសម្អាង L'Oreal Paris បានទាក់ទាញទស្សនិកជនជាច្រើនឱ្យចូលរួមទស្សនាការបង្ហាញម៉ូដរបស់ខ្លួននៅខាងក្រៅសណ្ឋាគារ Hotel de Ville នៅរដ្ឋធានីបារាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ខណៈមានវត្តមានតារាបង្ហាញម៉ូត និងតារាហូលីវូដល្បីៗចូលរួមបង្ហាញសម្រស់លើឆាក Runway។
តារាស្រីល្បីៗក្នុងរ៉ូបពណ៌ក្រហម ពណ៌ខ្មៅ ពណ៌មាស និងសភ្លឺចែងចាំង បានចេញមកស្វាគមន៍អ្នកគាំទ្រ និងឱបគ្នាទៅវិញទៅមកនៅក្នុងថ្ងៃបើកឆាកនៃកម្មវិធី Paris Fashion Week។ ព្រឹត្តិការណ៍នេះត្រូវបានផ្សាយបន្តផ្ទាល់នៅលើ Instagram និង TikTok ដែលជាបណ្តាញសង្គមពេញនិយមបំផុតសម្រាប់ការលក់ផលិតផលសម្រស់។
តារាល្បីដូចជា Andie MacDowell និង Viola Davis បានបង្ហាញខ្លួនជាមួយក្រែមបបូរមាត់ ក្រហមច្រាល ខណៈ Jane Fonda បង្ហាញខ្លួនក្នុងឈុតពណ៌មាសរឹបរាង ស្របពេលតារាម៉ូដែល Kendall Jenner បានបិទឆាកកម្មវិធីក្នុងរ៉ូបពណ៌ស។ តារាចម្រៀងប្រេស៊ីល Anitta បានសម្ដែងនៅក្នុងព្រឹត្តិការណ៍នេះ។
L'Oreal Paris គឺជាម៉ាកយីហោមួយក្នុងចំណោមម៉ាកល្បីៗជាងដប់ដែលគ្រប់គ្រងដោយក្រុមហ៊ុន L'Oreal ដែលផលិតសេរ៉ូមស្បែក ថ្នាំពណ៌សក់ និងទឹកអប់ដោយទទួលបានការពេញនិយមទាំងក្នុងទីផ្សារតម្លៃមធ្យមនិងទីផ្សារប្រណីត ៕
ប្រែសម្រួល៖ វ៉ាន់ថន