ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥

សួនសត្វនៅទីក្រុងសៀងហៃស្វាគមន៍វត្តមានរបស់កូនផេនដាយក្ស២ក្បាលដែលទើបតែចាប់កំណើត

២៨ កញ្ញា ២០២៥ | កម្សាន្ដ

 

សួនសត្វព្រៃនៅទីក្រុងសៀងហៃ ប្រទេសចិន ទើបតែទទួលបានដំណឹងល្អមួយនៅពេលខ្លាឃ្មុំផេនដាយក្សដ៏កម្រផ្ដល់កំណើតឲ្យកូនភ្លោះកាលពីថ្ងៃទី២២ ខែសីហា។ នេះជាការចាប់កំណើតផេនដាយក្សជំនាន់ទី២នៅទីក្រុងសៀងហៃ និងក៏ជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយផងដែរ។

 


សួនសត្វទីក្រុងសៀងហៃប្រកាសថាផេនដាយក្សរបស់ខ្លួនឈ្មោះឈៀនជីន (Qian Jin) បានផ្ដល់កំណើតដល់ទារិកា១ក្បាលទម្ងន់២រយក្រាម និងទារក១ក្បាលទៀតទម្ងន់១៦០ក្រាម។ មិនយូរប៉ុន្មាន កូនង៉ែតផេនដាញីនោះកើនទម្ងន់ដល់៤៩៩,៨ក្រាម ចំណែកកូនផេនដាឈ្មោលកើនទម្ងន់ដល់៣៩៤,៥ក្រាម។

 

 

តាមរយៈវីឌីអូឃ្លីបដែលថតបានកាលពីថ្ងៃពុធ គេឃើញថាឈៀនជីនឱបកូនរបស់ខ្លួន១ក្បាលដោយថ្នមៗ និងឃើញបសុពេទ្យកំពុងពិនិត្យមើលកូនផេនដា១ក្បាលទៀត។ កូនផេនដាទាំង២នេះរីកលូតលាស់បានលឿនគួរឲ្យកត់សម្គាល់។

 

 

ពួកគេឡើងទម្ងន់ជាលំដាប់ និងវិវត្តសរីរៈរាងកាយរបស់ពួកគេរៀងៗខ្លួន។ គេកត់សម្គាល់ថាស្នាមអុជខ្មៅនៅជុំវិញរង្វង់ភ្នែក និងត្រចៀករបស់ពួកគេចាប់ផ្ដើមបង្ហាញរូបរាងកាន់តែច្បាស់។

 

 

អ្នកស្រីស៊ុនវឹនសៀវ (Sun Wenxiao)ជាបុគ្គលិកសួនសត្វនៅទីក្រុងសៀងហៃប្រាប់ថាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សផេនដាយក្សនៅប្រទេសចិន និងសួនសត្វទីក្រុងសៀងហៃបានសហការគ្នាបង្កើតក្រុមការងារមើលថែទាំផេនដាទាំងនេះ។

 

 

យើងតាមដានពួកគេដោយយកចិត្តទុកដាក់ និងកត់ត្រានូវរាល់សកម្មភាពរស់នៅ និងឥរិយាបថប្រចាំថ្ងៃរបស់ពួកគេ។ កូនផេនដាទាំងនេះត្រូវបានមើលថែទាំដោយមេរបស់ពួកគេឈ្មោះឈៀនជីនផង និងដោយក្រុមអ្នកមើលថែទាំផង។ ការរៀបចំបែបនេះដើម្បីឲ្យមេរបស់ពួកគេមានពេលនៅក្បែរកូនៗរបស់ខ្លួន និងទទួលបានការទំនុកបម្រុងផ្នែកអាហារដែលចាំបាច់ និងការថែទាំសុខភាព៕

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025