ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥

វិចិត្រករជនជាតិចិននៅខេត្តស៊ីនជាំងបង្កើតស្នាដៃសិល្បៈបែបថ្មីដោយប្រើប្រាស់ដុំថ្មកិនជាម្សៅដើម្បីគូរ

២៩ កញ្ញា ២០២៥ | កម្សាន្ដ

សិល្បករដែលពោរពេញដោយគំនិតច្នៃប្រឌិតជនជាតិចិនម្នាក់រស់នៅខេត្តស៊ីនជាំង ប្រទេសចិន ទើបតែរកឃើញវិធីថ្មី ហើយប្លែកពីទម្រង់សិល្បៈដទៃទៀត។ នោះគឺបច្ចេកទេសគូរគំនូរដោយប្រើប្រាស់ម្សៅថ្មកិនឲ្យម៉ដ្ឋ និងបូកបញ្ចូលគ្នារវាងប្រេង, ទឹកថ្នាំពណ៌, រូបឆ្លាក់ និងរបស់សិប្បកម្មមួយចំនួន។

 


អ្នកស្រីហ្កាល់ណឺ.អាឃីន (Gulnur Arkin) ដែលជាស្ថាបនិកទម្រង់សិល្បៈថ្មីនេះបានចាប់ផ្ដើមអភិវឌ្ឍបច្ចេកទេសគូរគំនូរតាមគំនិតច្នៃប្រឌិតខ្លួនឯងដោយប្រើប្រាស់រយៈពេលសាកល្បងជាច្រើនឆ្នាំ។

 

 

អ្នកស្រីប្រើប្រាស់វត្ថុធាតុផ្សំដែលរកបាននៅក្នុងតំបន់ដែលអ្នកស្រីរស់នៅដើម្បីបង្កើតស្នាដៃដែលគេទទួលស្គាល់ថាមានលក្ខណៈតុបតែងយ៉ាងហ្មត់ចត់ ហើយនិងភាពចម្រុះពណ៌ដ៏ល្អឆើតដែលពិបាកនឹងពិពណ៌នា។

 

 

សិល្បកររូបនេះនិយាយរំឭកអំពីប្រវត្តិដែលនាំឲ្យអ្នកស្រីនឹកឃើញច្នៃប្រឌិតរូបគំនូរនេះឡើងគឺដោយសារការហែលឆ្លងឆាកជីវិតផ្ទាល់ខ្លួន។ នោះគឺឆាកជីវិតដែលកំណត់ដោយស្មារតីទទួលខុសត្រូវចំពោះគ្រួសារ, ការចាប់ចិត្តនឹងភាពច្នៃប្រឌិត និងមហិច្ឆតាសិក្សាស្វែងយល់ដោយខ្លួនឯង។

 

 

អ្នកស្រីពន្យល់ថារូបគំនូរចម្រុះពណ៌ដោយប្រើប្រាស់ម្សៅថ្មកិនជាទម្រង់សិល្បៈមួយបែបដែលច្នៃប្រឌិតឡើងដោយប្រើប្រាស់ម្សៅរ៉ែធម្មជាតិ, ម្សៅថ្ម, និងវត្ថុធាតុផ្សំដែលអាចរកបាននៅខេត្តស៊ីនជាំង។

 

 

ដោយសារស្ថានភាពគ្រួសារ អ្នកស្រីត្រូវឈប់ពីការងារ និងវិលត្រឡប់ពីទីក្រុងអ៊ូរ៉ាំជី (Urumqi) ទៅទីក្រុងយីនីង (Yining)។ ក្រៅពីការងារក្នុងផ្ទះ អ្នកស្រីមិនអាចធ្វើការនៅខាងក្រៅបានឡើយ។ នៅពេលទំនេរ អ្នកស្រីគូរគំនូរ, សិក្សាវិភាគទៅលើស្នាដៃរបស់ខ្លួន និងបង្កើតស្នាដៃថ្មីៗ។ អ្នកស្រីមិនដែលសិក្សាននៅសាលាបង្រៀនគូរគំនូរជាផ្លូវការទេ។

 

 

នេះជាចំណង់ចំណូលចិត្តរបស់អ្នកស្រីច្រើនជាង។ ជារៀងរាល់ឆ្នាំ នៅពេលផ្លាស់ពីរដូវស្លឹកឈើជ្រុះទៅរដូវរងា អ្នកស្រីតែងតែធ្វើដំណើរទៅមាត់ស្ទឹងក្បែរទីតាំងរែងត្បូងដើម្បីដើររកមើលដុំថ្មដែលមានពណ៌, ទម្រង់ និងទំហំប្លែកៗគ្នា។ បន្ទាប់មក អ្នកស្រីយកថ្មទាំងនោះទៅកិនឲ្យម៉ដ្ឋក្លាយជាម្សៅទុកជាវត្ថុធាតុដើមសម្រាប់បង្កើតស្នាដៃច្នៃប្រឌិតរបស់អ្នកស្រី៕

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025