ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥
លោកVladimir Padrino រដ្ឋមន្ត្រីក្រសួងការពារជាតិវេណេហ្ស៊ុយអេឡា នៅក្នុងទីក្រុងCaracas នៅថ្ងៃច័ន្ទ បាននិយាយថា ការដាក់ពង្រាយយោធាអាមេរិក នៅតំបន់Carribean ផ្អែកទៅលើ ការបកស្រាយដែលមិនសមហេតុសមផល ។
លោកPadrino លើកឡើងដូច្នេះ «ពួកគេចង់បង្វែរបញ្ហាជួញដូរគ្រឿងញៀនមកវេណេហ្ស៊ុយអេឡា ជាមួយនិងការបកស្រាយមិនសមហេតុផល»។
រដ្ឋមន្ត្រីក្រសួងការពារជាតិ រូបនេះបន្ថែមថា «ប្រព័ន្ធផ្សព្វផ្សាយរបស់ពួកចក្រពត្តិនិយម ដែលជាអ្នកនាំពាក្យរបស់ពួកស្តាំនិយម ធ្វើឱ្យវេណេស៊ុយអេឡា មើលទៅដូចជាប្រទេសដែលមានបញ្ហា ធ្វើឱ្យវេណេស៊ុយអេឡាមើលទៅដូចជាបញ្ហា នៃក្រុមប្រដាប់អាវុធដែលកើតចេញពីប្រទេសកូឡុំប៊ី »។
រដ្ឋមន្ត្រីរូបនេះ ទទូចថា ប្រទេសវេណេហ្ស៊ុយអេឡា មិនមែនជាមជ្ឈមណ្ឌលផលិតគ្រឿងញៀន និងបានគូសបញ្ជាក់ថា ទំហំនៃបទល្មើសគ្រឿងញៀន នៅវេណេហ្ស៊ុយអេឡាគឺតូចជាង នៅសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក បានដាក់ពង្រាយនាវាចម្បាំងជាច្រើនគ្រឿង នាវាមុជទឹកដែលបំពាក់និងបាញ់អាវុធនុយក្លេអ៊ែរ រួមនិងយន្តហោះជាច្រើនគ្រឿងនៅតំបន់ Caribbean ជិតដែនទឹកប្រទេសវេណេហ្ស៊ុយអេឡា។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិកDonald Trump បានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងជាផ្នែកនៃយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនចូលទឹកដីសហរដ្ឋអាមេរិក។
ប្រែសម្រួល៖ណាវ័ន្ត