ថ្ងៃអង្គារ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៥
អាជ្ញាធរបានរាយការណ៍កាលពីថ្ងៃអាទិត្យថា កម្មករចំនួន១៣នាក់មកពីអណ្តូងរ៉ែតូចមួយដែលពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតមាសផូដេរ៉ូសា (Poderosa) ត្រូវបានសម្លាប់ ដោយអ្នកជីករ៉ែខុសច្បាប់នៅក្នុងតំបន់អេនឌៀនភាគខាងជើងនៃប្រទេសប៉េរូបន្ទាប់ពីត្រូវបានគេបានចាប់ជំរឹតជាច្រើនថ្ងៃ។ ការចាប់ជំរឹត និងឃាតកម្មលើកម្មកររ៉ែនេះបានកើតឡើងនៅក្នុងអណ្តូងរ៉ែសិប្បកម្មតូចមួយក្នុងស្រុកផាតាស (Pataz) ហើយក្រុមហ៊ុនផូដេរ៉ូសាបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០មក ការជីកយករ៉ែខុសច្បាប់បានកើតឡើងនៅលើផ្ទៃដីសម្បទានជាច្រើនរបស់ក្រុមហ៊ុនផលិតមាសមួយនេះ។
លោក អាប្រាហាម ដូមីនកេស (Abraham Dominguez) ជាឪពុករបស់ជនរងគ្រោះម្នាក់បាននិយាយថា ការស្លាប់នេះបានធ្វើឱ្យគាត់ភ្ញាក់ផ្អើលជាខ្លាំង ហើយថា វាមិនមែនជាលើកទីមួយទេសម្រាប់ការស្លាប់បែបនេះ។ កាលពីថ្ងៃអាទិត្យ ក្រសួងមហាផ្ទៃរបស់ប៉េរូបានចេញសេចក្តីថ្លែងការណ៍មួយថា មន្ត្រីប៉ូលិសជំនាញត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ និងធានាថា ឧក្រិដ្ឋកម្មនេះនឹងមិនអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធរួចផុតពីការផ្ដន្ទាទោសឡើយ។
កាលពីព្រឹកថ្ងៃចន្ទ ប្រធានាធិបតីប៉េរូលោកស្រី ឌីណា បូឡាត (Dina Boluarte) បានប្រកាសថា ការជីកយករ៉ែនៅក្នុងស្រុកផាតាសនឹងត្រូវផ្អាករយៈពេល៣០ថ្ងៃបន្ទាប់ពីការស្លាប់របស់កម្មករទាំងនេះ ហើយរដ្ឋាភិបាលរបស់លោកស្រីក៏គ្រោងនឹងបង្កើតមូលដ្ឋានយោធា និងអនុវត្តបម្រាមគោចរចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៦ព្រឹកនៅក្នុងស្រុកនេះផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន