ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥

លាក់ទុកចំណេះជំនាញរាប់ឆ្នាំ  ទេព រិន្ទដារ៉ូ ចេញបង្វឹកក្មេងៗជំនាន់ក្រោយឱ្យក្លាយជាតារាជីពតាមរយៈវគ្គបណ្ដុះបណ្ដាលនេះ…

២០ កុម្ភៈ ២០២៥ | កម្សាន្ដ

 

 

តារាភាពយន្តជើងចាស់ដ៏ល្បីល្បាញ ទេព រិន្ទដារ៉ូ ត្រៀមផ្ដល់ចំណេះជំនាញលោកបានសន្សំជាច្រើនឆ្នាំដល់អ្នកជំនាន់ក្រោយ តាមរយៈវគ្គបណ្តុះបណ្តាលអំពីភាពយន្តដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

 

 

អាចចាត់ទុកថា ជាដំណឹងដ៏រីករាយមួយសម្រាប់សិល្បករស្រករក្រោយ ឬយុវវ័យអ្នកស្រលាញ់វិស័យភាពយន្ត ដែលមានបំណងចង់ចូលរួមហ្វឹកហាត់រៀនវគ្គការសម្តែងភាពយន្ត ដោយថ្មីៗនេះតារាភាពយន្តជើងចាស់ដ៏ល្បីល្បាញ ទេព រិន្ទដារ៉ូ បានប្រាប់ឱ្យដឹងថា លោកកំពុងត្រៀមផ្ដល់ចំណេះជំនាញបានកសាងរាប់សិបឆ្នាំក្នុងវិស័យភាពយន្តខ្មែរដល់អ្នកជំនាន់ក្រោយ តាមរយៈវគ្គសិក្សាមួយរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

 

 

ជាសិល្បករជើងចាស់់ពោរពេញដោយបទពិសោធន៍ក្នុងការសម្តែងភាពយន្ត លោក ទេព រិន្ទដារ៉ូ នៅតែអាចឈរជើងលើទីផ្សារភាពយន្តនាពេលបច្ចុប្បន្ន ទោះបីតារាសម្តែងស្រករក្រោយរីកដុះដាលខ្លាំងដូចផ្សិត ក៏លោកនៅតែមានទីផ្សារខ្ពស់ដោយក្តោបក្តាប់បានរឿងដុំ និងរឿងភាគជាច្រើនក្នុងមួយឆ្នាំៗ។ 

 

 

តារាជើងចាស់ដែលចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីជំនាន់ឆ្នាំ ៨០ រូបនេះ មើលឃើញពីភាពវិជ្ជមានរបស់សិល្បករជំនាន់ក្រោយ ដែលពួកគេមានភាពរស់រវើកក្នុងការសម្តែង និងការដាក់មនោសញ្ចេតនា។

 

 

លោកសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមរៀបចំនឹងអាចជួយបង្កើនចំណេះដឹង និងជាស្នូលសម្រាប់សិល្បករជំនាន់ក្រោយយកទៅអភិវឌ្ឍន៍ពង្រឹងស្នាដៃ ដើម្បីមកចូលរួមជួយជម្រុញវិស័យសិល្បៈភាពយន្តខ្មែរយើងឱ្យមានភាពរីកចម្រើនទៅមុខ។ លោកពិតជារីករាយក្នុងការចែករំលែក ផ្ទេរបទពិសោធន៍ទាំងអម្បាលមាណទៅកាន់អ្នកជំនាន់ក្រោយដោយឥតលាក់លៀម៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ភីអិនអិន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025