ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥
ស្វាគមន៍ឆ្នាំថ្មី២០២៥ LD Entertainment ទម្លាក់ភាពយន្តខ្នាតធំថ្មីមួយ ចំណងជើង «លោកតា២១» ជារឿងបែបកំប្លែង ដែលតួអង្គក្នុងរឿងនេះហ៊ានចេញមុនអះអាងថា អ្នកទស្សនាច្បាស់ជាសើចស្ងួតជើងធ្មេញពេលបានទស្សនារឿងនេះ។
«លោកតា២១» ជាស្នាដៃភាពយន្តថ្មីសន្លាងរបស់ LD Entertainment ដែលទម្លាក់លើទីផ្សារនាដើមឆ្នាំ២០២៥នេះជាមួយសាច់រឿងបែបកំប្លុកកំប្លែងសើចរហូតដល់ស្ងួតជើងធ្មេញ។
សូម្បីតែតារាសម្តែងល្បីៗក្នុងរឿងនេះក៏ហ៊ានធានាអះអាងថា គ្រប់គ្នាដឹងតែសើចគាំងពេលបានទស្សនារឿង «លោកតា២១»។លោក តុង លី តួអង្គ ឆាយ ក្នុងរឿង «លោកតា២១» បានឱ្យដឹងថា «លោកតា២១» ជាសាច់រឿងថ្មីប្លែកពុំធ្លាប់ឃើញពីមុនមក ពិសេសអត្តចរិកតួអង្គនាយឆាយនេះគឺថ្មីខ្លាំងសម្រាប់លោកតែម្តង។
ដ្បិតជារឿងបែបកំប្លែងតែ «លោកតា ២១» បង្កប់អត្ថន័យអប់រំយ៉ាងជ្រាលជ្រៅដល់អ្នកទស្សនា ដែលបង្ហាញពីមនសិការចំពោះជាតិមាតុភូមិ។ចំណែកស្រីស្អាតកូនកាត់ខ្មែរ-អូស្ត្រាលី សីម៉ូ ដេស្ទីនី ឯណោះវិញ បានបង្ហាញអារម្មណ៍រំភើបដែលទីបំផុតស្នាដៃភាពយន្តខ្នាតធំដំបូងបង្អស់របស់នាងត្រូវទម្លាក់លើទីផ្សារ។ ទោះមិនមានបទពិសោធន៍សម្តែងច្រើនដូចសិល្បកររៀមច្បងក៏ពិតមែន តែនាងធានាថា លោកអ្នកនឹងមិនស្តាយក្រោយដែលទិញសំបុត្រចូលទស្សនារឿងនេះ។
បន្ថែមពីលើការលើកឡើងរបស់ តុង លី និង ដេស្ទីនី តារាភាពយន្តជើងចាស់ពោរពេញដោយបទពិសោធន៍ ទេព រិន្ទដារ៉ូ និងអ្នកផលិតវីដេអូខ្លីៗលើ Tik Tok លោក ឡូញ កេងហុង ហៅ កឺកឺ សុទ្ធតែលើកឡើងថា រឿង «លោកតា២១» ខុសប្លែកពីរឿងមុនៗ ដោយរឿងនេះមានលាយឡំទាំងឈុតឆាកកម្សត់សោកសៅ និងឈុតកំប្លែងៗជាច្រើនលើសការស្មានរបស់អ្នកទស្សនា។
អ្វីដែលសំខាន់ រឿង «លោកតា២១» ក៏មានការចូលរួមសម្តែងពីសិល្បការិនីអាយ៉ៃជើងចាស់ដ៏មានប្រជាប្រិយភាព យាយ យ៉យ មកញ៉ាំងសាច់រឿងឱ្យរឹតតែមានភាពទាក់ទាញ និងភាពកំប្លុកកំប្លែងលើសពីការស្មាន។រឿង «លោកតា២១» ឬ «Grand Pa 21» នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់ ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ តទៅ!
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច