ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េទើបតែបង្ហាញចំណាត់ថ្នាក់ប្រជាប្រិយភាពក្រុមចម្រៀងខេប៉ុបសម្រាប់ខែកុម្ភៈ។ ចង់ដឹងថាក្រុមណាបានជាប់ចំណាត់ថ្នាក់កំពូលសូមទៅទស្សនាទាំងអស់គ្នា។
ផ្អែកតាមការសរុបទិន្នន័យរយៈពេលពេញមួយខែកន្លងមកគិតចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ ដោយគិតទាំងការលេចមុខលើសារព័ត៌មាន សកម្មភាពចូលរួមរបស់អ្នកគាំទ្រ និងទំនាក់ទំនងសហគមន៍នានា គេបានរកឃើញថាក្រុមចម្រៀងខេប៉ុបដែលមានប្រជាប្រិយភាពខ្ពស់ជាងគេក្នុងខែនេះគឺក្រុមនារី IVE (អាយហ្វ៍)។
ក្រុមចម្រៀងនារីដែលមានសមាជិក៦នាក់មួយនេះបានឈរនៅលើកំពូលតារាងខែកុម្ភៈជាមួយនឹងសន្ទស្សន៍ប្រជាប្រិយភាពសរុប ៦,៧ លានពិន្ទុ បន្ទាប់ពីការ Comeback លើកចុងក្រោយរបស់ពួកគេជាមួយបទចម្រៀង “Rebel Heart” ទទួលបានជោគជ័យខ្លាំង ដោយអាចដណ្ដើមពានរង្វាន់លេខ១ សរុប ៩ ពានពីកម្មវិធីតន្ត្រីប្រចាំសប្ដាហ៍នានា។
ចំណែកចំណាត់ថ្នាក់លេខ២ បានក្រុមនារី BLACKPINK ជាមួយសន្ទស្សន៍ប្រជាប្រិយភាពសរុប ៦,៥ លានពិន្ទុ ដែលថ្មីៗនេះទើបតែប្រកាសពីការវិលត្រលប់មកវិញជាក្រុមជាមួយការប្រគំតន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ២០២៥។
ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបុរសសមាជិក ១៣នាក់ SEVENTEEN ដែលទទួលបាន ៥,៤ លានពិន្ទុ ស្របពេលចំណាត់ថ្នាក់លេខ ៤ បានទៅលើក្រុម BTS ជាមួយពិន្ទុសរុប ៤,៥ លាន និងចំណាត់ថ្នាក់លេខ៥ បានទៅលើក្រុមនារី aespa ជាមួយពិន្ទុសរុប ៤ លាន។
ចំណាត់ថ្នាក់បន្តបន្ទាប់ទៀតរួមមានក្រុមនារី fromis_9 លេខ៦ ក្រុម BIGBANG ជាប់លេខ ៧ ក្រុមនារី Le Sserafim ជាប់លេខ ៨ ក្រុមបុរស TWS ជាប់លេខ ៩ និងក្រុមនារី Red Velvet ជាប់លេខ១០ ៕
ប្រែសម្រួល៖ វ៉ាន់ថន