ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

កម្ពុជា ស្វាគមន៍គម្រោងវិនិយោគរបស់រោងចក្រផលិតរថយន្តអគ្គិសនី BYD ដែលគ្រោងចាប់ផ្តើមនៅឆ្នាំ ២០២៥

២៩ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

ថា្នក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា ស្វាគមន៍គម្រោងវិនិយោគរបស់រោងចក្រផលិតរថយន្តអគ្គិសនី BYD ដែលគ្រោងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៥ខាងមុខ។

 

 

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសរំលេចឱ្យដឹងថា ក្រុមហ៊ុន BYD នឹងចាប់ផ្តើមសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់នៅកម្ពុជា នៅឆ្នាំ ២០២៥ខាងមុខ បន្ទាប់ពីភាគីកម្ពុជា និងក្រុមហ៊ុន បានចរចាបញ្ចប់នីតិវិធីរួចរាល់ហើយ។

 


ជាក់ស្តែង ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនបានរៀបចំឯកសាររួចរាល់អស់ហើយ នៅតែដាក់ជូនសម្តេចបវរធិបតី ក្នុងការពិនិត្យ និងឯកភាព និងដាក់ឯកសារចូលមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប៉ុណ្ណោះ។

 


សូមរម្លឹកដែរថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតយានយន្តអគ្គិសនីដ៏ធំរបស់ចិន បានកំពុងចរចាចង់បើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា នៅឆ្នាំ២០២៥ខាងមុខនេះ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

 

 

ដោយសារតែ សភាពការណ៍ពិភពលោកដើរលឿនណាស់ ហើយការប្រកួតប្រជែងក៏ខ្លាំង ទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច ដូច្នោះទាមទារឱ្យ កម្ពុជា មានធនធានមនុស្សដែលខ្លាំង និងមានសមត្ថភាព ព្រោះកម្ពុជា មិនត្រឹមតែទាក់ទាញការវិនិយោគក្នុងវិស័យរោងចក្រកាត់ដេរប៉ុណ្ណោះទេ ហើយថែមទាំងទាក់ទាញកាវិនិយោគលើវិស័យបច្ចេកវិទ្យា និងយានយន្តទំនើបផងដែរ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024