ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ក្រសួងដែនដី ដាក់ឲ្យប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពងាយស្រួល រហ័ស តម្លាភាព និងប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកានេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា សន្និបាតបូកមួយនេះ ធ្វើឡើងក្នុងគោលបំណង ធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងការផ្តល់សេវាសាធារណៈ ក៏ដូចជាធ្វើការឆ្លើយតប នឹងការងារអាទិភាពក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រួមទាំងការឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះរបស់ក្រសួង ក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។
បន្ថែមពីនេះ ឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តឌីជីថល បានលើកឡើងថា ក្រុមការងារបរិវត្តកម្មឌីជីថល បានរៀបចំកសាងនិងធ្វើទំនើបកម្មមូលដ្ឋានគ្រឹះឌីជីថល ដោយរៀបចំនូវមជ្ឈមណ្ឌលទិន្នន័យរួម ការប្រមូលផ្ដុំ និងសមាហរណកម្មទិន្នន័យ រួមទាំងការតភ្ជាប់ជាមួយថ្នាលរដ្ឋាភិបាលឌីជីថល ដើម្បីកសាងកម្មវិធីឌីជីថលបម្រើឱ្យសេវាសាធារណៈ ក្នុងគោលដៅជំរុញប្រសិទ្ធភាព នៃការផ្ដល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព សុវត្ថិភាព ងាយស្រួល និងជឿទុកចិត្ត។
ទន្ទឹមនឹងនេះ បច្ចុប្បន្ន ក្រសួង បានដាក់ឱ្យប្រើប្រាស់នូវសេវាសាធារណៈអនឡាញសំខាន់ៗចំនួន៣ ដូចជា៖ សេវាពិនិត្យព័ត៌មានសុរិយោដី តាមរយៈ QR Code និងលេខកូដក្បាលដី សេវាសំណង់ និងសេវាដែលបានប្រតិភូកម្មឱ្យមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ចំនួន៤ មុខងារនៃសេវា ដូចជា សេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ។
ជាមួយគ្នានេះ ក្រុមការងារបរិវត្តកម្មឌីជីថល ក៏បាននិងកំពុងរៀបចំនូវថ្នាល និងកម្មវិធីឌីជីថល ជាច្រើនរួមមាន៖ កម្មវិធីទូរសព្ទដៃ MLMUPC App ប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី បណ្ណាល័យច្បាប់ឌីជីថល ប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង ថ្នាលមជ្ឈមណ្ឌលប្រជាជន ប្រព័ន្ធគ្រប់គ្រងវិវាទដីធ្លី និងសំណង់ ប្រព័ន្ធរាយការណ៍វឌ្ឍនភាពការចុះបញ្ជីដីធ្លី ប្រព័ន្ធអន្តរកម្មផ្លាស់ប្ដូរទិន្នន័យ ប្រព័ន្ធរដ្ឋបាលដីធ្លី និងប្រព័ន្ធរាយការណ៍សំណង់មិនរៀបរយជាដើម។
គួរជម្រាបថា បើយោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ជាលទ្ធផល ការងារវាស់វែងក្នុងរយៈពេល ១ឆ្នាំ នៃអាណត្តិទី៧ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្រេចបានប្រមាណ ៣លាន ១សែន៤ម៉ឺន ក្បាលដី ស្មើនឹង ៦៦% ដោយក្នុងនោះ ក្បាលដីនៅសល់មិនទាន់វាស់វែងមានប្រមាណ ១លាន៦សែន ក្បាលដី ស្មើនឹង ៣៣,% ដែលនឹងត្រូវវាស់វែងបញ្ចប់ នៅឆ្នាំ២០២៥ ខាងមុខនេះ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ក្រសួងដែនដី