ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥

នគរបាលចរាចរណ៍ផ្លូវគោក នឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ដែលមានការផាកពិន័យខ្ពស់ជាងមុន នៅដើមខែឧសភាខាងមុខ

២៨ មេសា ២០២០ | ព័ត៌មានជាតិ

តាមរយៈសេចក្តីជូនដំណឹងអំពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែមេសានេះ បានបញ្ជាក់ថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស នឹងធ្វើការរឹតបន្ដឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយចាប់អនុវត្តអនុក្រឹត្យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលអាចនិយាយបានថា មានការផាកពិន័យខ្ពស់ជាងមុនទ្វេដង ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ។

 

 

នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ទៀតថា ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អោយបានជាអតិបរមា កងកម្លាំងនគរបាល ចរាចរណ៍ផ្លូវគោកនៅទូទាំប្រទេស នឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២០ខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌វិជ្ជាជីវៈ ព្រមទាំង ឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់និង ម៉ឹងម៉ាត់។

 

អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏អំពាវនាវ និងសំណូមពរយ៉ាងទទូច ដល់ប្រជាពល រដ្ឋដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស អោយចូលរួមសហការ និងគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវ គោក ដើម្បីការពារ អាយុជីវិត និងទ្រព្យសម្បត្តិខ្លួនឯងផ្ទាល់ និងអ្នកដ៏ទៃ ដោយស្មារតីទទួល ខុសត្រូវខ្ពស់។

 

 

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីពេលវេលា នៃការចាប់ផ្តើមអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់តាមអនុក្រឹត្យថ្មី ចាប់ពីថ្ងៃទី០១ ខែឧសភាតទៅ ដែលបានតម្លើងកម្រិតទឹកប្រាក់ពិន័យក្នុងចំនួនពី ៣ទៅ៥ដង។


ដោយឡែក បើយោងតាមផែនការ ដែលអគ្គស្នងការនគរបាលជាតិ ផ្ញើជូនរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ មេសា  សម្រាប់យុទ្ធនាការរឹងបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភានោះ អគ្គស្នងការនគរបាលជាតិ  នឹងប្រើប្រាស់កម្លាំងសរុបជិត ៤ពាន់នាក់ ដោយប្រើប្រាស់រថយន្ដនិងម៉ូតូចំនួនជាង ៣០០គ្រឿងផងដែរ៕


អត្ថបទ៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025