ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥

តើបុគ្គលស្វ័យនិយោជន៍ ជាស្ត្រី មានផ្ទៃពោះ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ពី ប.ស.ស?

២៥ កញ្ញា ២០២៤ | ព័ត៌មានជាតិ

 

 

រហូតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកជាង ៣លាន ៤សែននាក់ហើយ។ ចំពោះបុគ្គលស្វ័យនិយោជន៍ ជាស្ត្រី ពេលមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន នៅពេលគាត់ទៅទទួលសេវា នៅមន្ទីរពេទ្យ ដែលជាដៃគូរបស់ ប.ស.ស.។

 


ជាដំបូងគួរជម្រាបជូនថា បុគ្គលស្វ័យនិយោជន៍ សំដៅដល់ជនដែលប្រកបមុខរបររកប្រាក់ចំណូលដោយខ្លួនឯង មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបរផ្ទាល់ខ្លួន និងដោយមិនពាក់ព័ន្ធប្រាក់ឈ្នួល ឬប្រាក់បៀវត្សរ៍ដែលផ្ដល់ដោយស្ថាបនរដ្ឋ ឬដោយនិយោជកតាមកិច្ចសន្យាការងារណាមួយ ។ បុគ្គលស្វ័យនិយោជន៍ដែលជាសមាជិករបស់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. ម្នាក់ត្រូវបង់ភាគទានចំនួន ១៥ ៦០០ រៀល ក្នុង ១ ខែ ហើយនឹងទទួបលបានមកវិញនូវអត្តប្រយោជន៍ច្រើនជាពិសេសពាក់ព័ន្ធនឹងសុខភាព និងហានិភ័យការងារជាដើម ។

 


ចំពោះបុគ្គលស្វ័យនិយោជន៍ជាស្ត្រី ពេលមានផ្ទៃពោះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គាត់ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស ដូចជា ទទួលបានសេវាពិនិត្យផ្ទៃពោះមុន និងក្រោយសម្រាល ទទួលបានសេវាថ្លៃសម្រាលកូនដោយឥតគិតថ្លៃ និងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ១ ២៦០ ០០០ រៀល ពី ប.ស.ស ។ ប៉ុន្តែចូរចងចាំថា អត្តប្រយោជន៍ទាំងនេះ នឹងទទួលបានតែក្នុងមន្ទីរពេទ្យដៃគូរបស់ ប.ស.ស.ប៉ុណ្ណោះ។

 


មន្ត្រីនាំពាក្យរូបនេះបន្ថែមថា គិតរហូតមកដល់ពេលនេះ ប.ស.ស បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ខ្លួនបានចំនួន ១ ៥៧៣ នៅទូទាំង ២៥ រាជធានី-ខេត្ត ជាមួយនឹងការដាក់ពង្រាយមន្ត្រី និងបុគ្គលិកសុខាភិបាលសរុបចំនួនជាង ៤៦ ០០០ នាក់ នៅទូទាំងប្រទេស ដើម្បីរង់ចាំបម្រើថែទាំសុខភាព និងព្យាបាលដល់សមាជិក ប.ស.ស ប្រកបដោយក្រមសីលធម៌ និងរហ័ស។ មួយទៀតសោត គិតត្រឹមខែសីហា ឆ្នាំ ២០២៤ ប.ស.ស. ទទួលបានសមាជិករហូតទៅដល់ជាង ២,៤៧ លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលជាសមាជិកបានប្រើប្រាស់សេវា ប.ស.ស. នៅតាមមន្ទីរពេទ្យដៃគូជាង ៧,១ លានករណី គិតត្រឹមរយៈពេលមួយឆ្នាំ ពីខែកញ្ញា ឆ្នាំ ២០២៣ ដល់ខែសីហា ឆ្នាំ ២០២៤។

 


គួរជម្រាបជូនថា គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម ឬ ប.ស.ស  មានសមាជិកសរុបជាង ២ លាន ៤ សែន ៥ ម៉ឺន នាក់ ក្នុងនោះសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ ជាង ៤៤ ម៉ឺននាក់ សមាជិក ក្នុងវិស័យឯកជន ជាង ១ លាន ៦ សែន ៤ ម៉ឺន នាក់ សមាជិកជាបុគ្គលស្វ័យនិយោជន៍ជិត ៣ សែន នាក់ និងសមាជិក ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជិត ៩ ម៉ឺននាក់ ៕

 


 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025