ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
នៅថ្ងៃនេះ ជនមានពិការភាព ១០០នាក់ នៃសមាគមតន្ត្រីសំនៀងជនពិការ ទទួលបានជំនួយពីសប្បុរសជន មានជាគ្រឿងឧបភោគ បរិភោគ និងថវិកា។ ប្រធានសមាគម បានលើកឡើងថា ជំនួយទាំងនេះ ពិតជារួមចំណែកឱ្យជនមានពិការភាព ចាប់យកជំនាញ សម្រាប់ជីវិត។
ជំនួយសប្បុរសជននានា ពិតជាបានរួមចំណែកកាត់បន្ថយបន្ទុកមួយផ្នែករបស់ សមាគមតន្ត្រីសំនៀងជនពិការ និងបានចូលរួមចំណែកជួយឱ្យមានពិការភាពដែលកំពុងស្នាក់នៅសិក្សានៅទីនេះ ចាប់យកនូវចំណេះ និងជំនាញ សម្រាប់ជីវិតរបស់ពួកគាត់ ។
នេះគឺជាការលើកឡើងរបស់ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ នាឱកាសទទួលអំណោយសប្បុរសធម៌ពី ដា ហ៊ួ ហេង នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។
ឯកឧត្តម ចាប តូ ដែលក៏ជាជនមានពិការភាពភ្នែកទាំង ២ ផង បានឱ្យដឹងថា សមាគមតន្ត្រីសំនៀងជនពិការ បង្កើតឡើងកាលពីឆ្នាំ២០១២ បច្ចុប្បន្នមានសមាជិកជាង ៧០០ នាក់ នៅទូទាំង ២៥ រាជធានី ខេត្ត ហើយសមាគមមានបើកបង្រៀនជំនាញវិជ្ជាជីវៈមួយចំនួនដល់ជនមានពកការភាពដូចជាអក្សរស្ទាប ម៉ាស្សា ពិធីករ ពិធីការិនី ចម្រៀង តន្ត្រី និងកុំព្យូទ័រជាដើម ហើយថា អំឡុងពេលរៀនវគ្គជំនាញទាំងអស់នេះ ជនមានពិការភាពស្នាក់នៅក្នុងសមាគម ដែលទាំងនេះជាបន្ទុកដ៏ធំមួយ ។
ម្យ៉ាងទៀត ឯកឧត្តម ចាប តូ បានឱ្យដឹងថា សមាគមតន្ត្រីសំនៀងជនពិការ មិនមានទទួលជំនួយពីបរទេសទេ ។ ចំពោះអគារ ជាអំណោយរបស់សម្ដេច យាយ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំណែកថ្លៃទឹក និងភ្លើង ទទួលបានជួយពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ចំណែកម្ហូបអាហារ ពឹងលើជំនួយសប្បុរសជនជាសំខាន់៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ សែត ប៊ុនថាន់