ថ្ងៃច័ន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥

 មុននឹង RAPPER FIGHTER  បើកដំណើរផ្លូវការ កៅ ពន្លឺ ប្រាប់ពីជីវិតតស៊ូដ៏លំដាប់រយៈពេល៥ឆ្នាំទម្រាំអាចឈរជើងបាន

២៨ សីហា ២០២៤ | កម្សាន្ដ

 

លោក កៅ ពន្លឺ គឺជាគណកម្មការសំខាន់មួយរូបនៅក្នុងកម្មវិធីប្រកួតចម្រៀង « RAPPER FIGHTER »  បានប្រាប់ពីជីវិតតស៊ូដ៏លំដាប់ខ្លាំងក្នុងវិស័យចម្រៀងរ៉េបមួយនេះទម្រាំលោកអាចកសាងកេរ្តិ៍ឈ្មោះបានដូចបច្ចុប្បន្ន ។  

 

 

ស្របពេលដែលការប្រកួតចម្រៀង « RAPPER FIGHTER » របស់ ភីអិនអិន ត្រៀមនឹងប្រកួតជាផ្លូវការ ក្នុងពេលឆាប់ៗ តារាចម្រៀងរ៉េបលោក កៅ ពន្លឺ ដែលជា Coach ម្នាក់ក្នុងកម្មវិធីនេះបានប្រើជីវិតក្នុងវិថីសិល្បៈអស់ពេល ៥ ឆ្នាំ ទំរាំមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃនេះ ។ 

 

 

ដូចមហាជនបានដឹងស្រាប់ហើយថា កម្មវិធី « RAPPER FIGHTER » របស់ទូរទស្សន៍ ភិអិនអិន មានគណកម្មការដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៥ រូប ដែលសុទ្ធសឹងតែជាតារាចម្រៀងរ៉េបដែលមានទេពកោសល្យ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យចម្រៀងរ៉េប សម្រាប់ Coach ទាំង ៥ មានប្រវត្តិតស៊ូក្នុងវិស័យចម្រៀងផ្សេងៗគ្នា ។

 

 

 ដោយឡែកសម្រាប់តារាចម្រៀងលោក កៅ ពន្លឺ ដែលជា Coach នៅក្នុងកម្មវិធីនេះ ក៏មានប្រវត្តិតតស៊ូមិនធម្មតាទេក្នុងវិស័យចម្រៀង ។ លោក បានរៀបរាប់ប្រាប់ថា ជាកូននៅក្នុងគ្រួសារក្រីក្រ ជីវភាពមានការខ្វះខាត លោកបានចំណាយពេលវេលាប្រហែល ៥ ឆ្នាំ ដើម្បីសាងកេរ្តិ៍ឈ្មោះ ឱ្យមានមុខមាត់ និងមានអ្នកគាំទ្រដូចសព្វថ្ងៃនេះ ។

 

 

ក្នុងនាមជាតារាចម្រៀងឯករាជ្យលោកត្រូវចំណាយថវិការផ្ទាល់ខ្លួនដើម្បីផលិតបទចម្រៀងនិមួយៗ ពេលខ្លះលោកស្ទើរតែបោះបង់អាជីពនេះចោលទៅហើយ ដោយសារជីវិតលំបាកពេក ធ្វើបទចម្រៀងដំបូងមិនសូវមានអ្នកចាប់អារម្មណ៍ ឬឱ្យតម្លៃឡើយ ប៉ុន្តែតស៊ូអស់ពេល ៥ ឆ្នាំ ទីបំផុតមហាជនទទួលស្គាល់ស្នាដៃលោក និង ត្រូវបានបណ្តាក្រុមហ៊ុនជាច្រើនមើលឃើញពេញចិត្ត និងអញ្ជើញលោកសម្តែង និង ច្រៀងជាបន្តបន្ទាប់ ។

 

 

 សម្រាប់ឆ្នាំ ២០២៤ នេះលោក កៅ ពន្លឺ កាន់តែរំភើបចិត្តបន្ទាប់ពីកម្មវិធីប្រកួតចម្រៀង « RAPPER FIGHTER » បានផ្តល់ឱកាសសម្រាប់លោកចូលរួមធ្វើជាគណកម្មការក្នុងការប្រកួតដ៏ធំមួយនេះ ។ លោកត្រៀមនឹងយកបទពិសោធដែលខ្លួនមាន ដើម្បីបណ្តុះបណ្តាលក៏ដូចជាចែករំលែកចំណេះដឹងទាំងនោះទៅកាន់បេក្ខភាពចូលរួមប្រកួតទាំងអស់ ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយទៅជាតារាចម្រៀងរ៉េបអាជីព ។ 

 

 

ទន្ទឹមនិងការចូលរួមធ្វើជាគណកម្មការនេះ លោក កៅ ពន្លឺ ក៏ទើបតែបានចេញ MV ចម្រៀង « RAPPER FIGHTER » រួមជាមួយ Coach និងពិធីករនៅក្នុងកម្មវិធីនេះផងដែរ ដោយក្នុង MV ចម្រៀងនេះផលិតឡើងយ៉ាងសម្រិតសម្រាំង រួមបញ្ចូលនូវភ្លេង ខ្មែរ និងផ្តិតយកទិដ្ឋភាពក្នុងប្រាសាទបាយ័ន ដើម្បីបង្ហាញមហាជនផងដែរ ជាក់ស្តែងគ្រាន់តែ MV ចម្រៀងនេះចេញជាផ្លូវការភ្លាមទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ៕ 


 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025