ថ្ងៃច័ន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥
អ្នកផលិត និងលក់គ្រាប់ពូជពោតក្រហម នៅខេត្តបាត់ដំបង និងកសិករដាំពោតក្រហម នៅខេត្តកំពត បានឲ្យដឹងថា ការប្រមូលផលពោតក្រហមនៅឆ្នាំនេះ ទទួលបានទិន្នផលបានល្អជាងឆ្នាំកន្លងទៅ តែតម្លៃហាក់មានការថមថយបន្តិចមិនទាន់អាចផ្ដល់ប្រាក់ចំណេញដល់កសិករ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ពោតក្រហម ជាដំណាំសំខាន់មួយរបស់កម្ពុជា និងពិភពលោក ដំណាំមួយប្រភេទនេះបាននិងកំពុងក្លាយជាកសិផលកាន់តែសំខាន់សម្រាប់ការកែច្នៃផលិតជាចំណីសត្វ និងការប្រើប្រាស់នៅក្នុងឧស្សាហកម្មកែច្នៃចំណីអាហារផ្សេងទៀតទាំងក្នុងស្រុក ក្នុងតំបន់និងពិភពលោក។
រីឯ កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសដែលដាំដំឡូងមីច្រើនជាងគេទី៤ នៅអាស៊ី និងទី១០ នៅក្នុងពិភពលោក។លោក មុន្នី វុទ្ធី កសិករដាំពោតក្រហម និងដំឡូងមី បានឲ្យក្រុមការងារ សេដ្ឋកិច្ចភីអិនអិនដឹងថា កត្តាដែលជំរុញឲ្យ លោក ដាំដំណាំពោតក្រហមក្នុងទំហំដី ៤រយហិចតា ដោយសង្កេតឃើញថា តម្លៃពោតក្រហមលក់បានតម្លៃខ្ពស់ ១ពាន់៣រយរៀល ក្នុង១គីឡូ និងអាចផលិតបានក្នុង១ឆ្នាំ ២ដង ដោយកាលនោះតម្លៃទីផ្សារល្អ និងមានការចំនេញច្រើនមិនដូចសព្វថ្ងៃនេះ។
នៅឆ្នាំនេះ ការប្រមូលផលពោតក្រហម ទទួលបានទិន្នផលបានល្អជាងឆ្នាំកន្លងទៅ តែតម្លៃមានការធ្លាក់ចុះ ៤០% បើប្រៀបធៀបទៅនឹង២ឆ្នាំមុន រីឯតម្លៃជីថ្នាំសត្វល្អិតក៏មានតម្លៃថ្លៃ រួមទាំងការចំណាយដើមទុនច្រើន ខណៈនៅឆ្នាំ២០២៥នេះ ការប្រមូលផលពោតក្រហមទទួលបាន ១ហិចតា១០តោន គ្រាប់ស្ងួត ហើយនេះជាការគាប់ប្រសើរបូករួមទាំងមានភ្លៀងធា្លក់ជាញឹកញាប់ ដែលធ្វើឲ្យដំណាំប្រភេទនេះទទួលបានទិន្នផលខ្ពស់។
លោក មុន្នី វុទ្ធី កសិករដាំពោតក្រហម និងដំឡូងមី បានបន្តថា កាលពីអំឡុងខែ៧ ឆ្នាំ២០២៥ តម្លៃពោតក្រហមស្នូលធ្លាក់ចុះតម្លៃ ៣រយរៀល ក្នុង១គីឡូ ពោតគ្រាប់ ៥រយរៀល ក្នុង១គីឡូ និងគ្រាប់ពោតស្ងួតអាចឡើងបន្តិចបានតម្លៃចន្លោះពី ៧-៩រយរៀល ក្នុង១គីឡូ តែនៅក្នុងពេលបច្ចុប្បន្ននេះ មានការធ្លាក់ចុះតម្លៃបន្ថែម ដោយពោតគ្រាប់តម្លៃ ៦៣០រៀល ក្នុង១គីឡូ ដឹកដល់ទីតាំង តម្លៃនេះហាក់មិនទាន់អាចផ្ដល់ប្រាក់ចំណេញដល់កសិករ។
បន្ថែមពីលើនេះ កសិករដាំពោតក្រហម និងដំឡូងមី នៅខេត្តកំពតរូបនេះ មានការព្រួយបារម្មណ៍ពីទីផ្សារនាំចេញ កសិករត្រូវបង្វែទៅទីផ្សារវៀតណាម ឬទីផ្សារចិន។ម៉្យាងទៀត សព្វថ្ងៃនេះ ទីផ្សារក្នុងស្រុកនៅអាចផ្គត់ផ្គង់បានមានដូចជា ក្រុមហ៊ុនអិម ភីក អេស៊ីអិមស៊ី រោងចក្រចំណីសត្វ របស់ ឧញ៉ា ម៉ុង ឫទ្ធី ដែលស្ថិតនៅលើផ្ទៃដី ២៤ហិកតា ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺអាចផលិតចំណីបាន ៥០០ ទៅ ៦០០តោន ក្នុងមួយថ្ងៃ ឬស្មើ ១ម៉ឺន៥ពាន់ ទៅ១ម៉ឺន៦ ពាន់តោន ក្នុងមួយខែ។
ក្រុមហ៊ុនក្នុងស្រុកមួយនេះ បានរួមចំណែកផ្ដល់ការងារដល់ពលរដ្ឋខ្មែរឱ្យកាន់តែច្រើន តាមរយៈការជួយទិញកសិផលដែលជាវត្ថុធាតុដើម ដូចជា ដំឡូងមី សណ្ដែកសៀង ពោត កន្ទក់ និងចុងអង្ករជាដើម និងក្រុមហ៊ុនកែច្នៃចំណីសត្វដ៏ធំ ស៊ី.ភី.ខេមបូឌា បានប្រកាសបន្តទិញពោតសម្រាប់ផលិតចំណីសត្វ ដោយផ្អែកទៅលើគុណភាពផលិតផល ដែលក្រុមហ៊ុនបានកំណត់ និងបរិមាណសមរម្យ ស្របតាមសមត្ថភាពផ្ទុកទំនិញក្នុងរោងចក្រ ដោយក្រុមហ៊ុនទទួលទំនិញនៅទីតាំងរោងចក្រផលិតចំណីសត្វ ៣កន្លែង គឺរោងចក្រនៅភ្នំពេញ ខេត្តកំពត និងប៉ៃលិន។
ចំនែក អ្នកផលិត និងលក់គ្រាប់ពូជពោត នៅភ្នំស្រួច ខេត្តបាត់ដំបង លោក និន ចរិយា បានឲ្យដឹងថា លោក ជាអ្នកលក់គ្រាប់ពូជពោតក្រហម លក់ផង ដាំផង ក្នុងគោលបំណងដាំជាគំរូបច្ចេកទេសទៅដល់កសិករដែលជាអតិថិជន និងណែនាំទៅដល់កសិករដាំឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស ដើម្បីទទួលបានទិន្នផលល្អ។
លោក និន ចរិយា បានបន្តថា កម្ពុជា ត្រូវបង្កើតការកែច្នៃក្នុងស្រុក ដើម្បីប្រើប្រាស់ឲ្យអស់ពីលិទ្ធភាពចំពោះពោតដែលមាន រួមទាំងកំណត់ការដាំដុះកុំឲ្យលើសពីតម្រូវការ។ ទៀតសោត ស្ថានភាពទីផ្សារនាពេលបច្ចុប្បន្ននេះ មិនសូវមានភាពអំណោយផលសម្រាប់កសិករ ព្រោះតែទីផ្សារពោតក្រហមមានតែមួយច្រកក្នុងការផ្គត់ផ្គត់ ទៅឲ្យក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុក ខណៈនៅឆ្នាំនេះ លោក និន ចរិយា បានបញ្ជាក់ថា តម្លៃពោតក្រហមមានការធ្លាក់ចុះ ៥០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។
ជាមួយគ្នានេះ ក្នុងឱកាសចុះពិនិត្យមើលឡសម្ងួត និងឃ្លាំងស្តុកទុកពោតក្រហមធំៗ ស្ថិតនៅក្នុងទីតាំងមួយចំនួន ក្នុងមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានស្នើសុំឲ្យម្ចាស់សីឡូ ទទួលទិញពោតក្រហម ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ សូមជួយបន្តទិញពោតក្រហមឲ្យបានកាន់តែច្រើនពីកសិករ ឱ្យ អស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ។សូមជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ផ្ទៃដីដាំដុះពោតក្រហមបានកើនពី ២៧ម៉ឺន៧ ពាន់ហិកតា នៅឆ្នាំ២០២៣ ដល់ជាង ២៨ម៉ឺនហិកតា នៅឆ្នាំ២០២៤។ នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចេញគ្រាប់ពោតសម្រេចបានប្រមាណជាង ៥ម៉ឺនតោន ធ្លាក់ចុះ ២០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ