ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ប្រទេសថៃ រំពឹងថានឹងនាំចេញអង្ករចំនួន ៨,២លានតោន នៅឆ្នាំនេះ កើនឡើងពីការព្យាករណ៍ពីមុនចំនួន ៧,៥លានតោន រុញច្រានដោយតម្រូវការពីទីផ្សារធំៗ។នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះដោយសារព័ត៌មានក្នុងស្រុកថៃ។
អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងថា ការនាំចេញអង្ករ ក្នុងអំឡុងពេលឆមាសទី ១ ឆ្នាំនេះមានចំនួន ៥លានតោន ដែលមានតម្លៃ ៣ពាន់ ៣រយលានដុល្លារអាមេរិក កើនឡើង ២៥% គិតជាបរិមាន និង កើន ៥៥% គិតជាតម្លៃ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។លើសពីនេះ អ្នកនាំចូលអង្ករថៃ ចង់នាំចូលអង្ករសម្រាប់ប្រើប្រាស់ ហើយរក្សាទុកជាស្តុក សម្រាប់សន្តិសុខស្បៀង។
ជាងនេះទៅទៀត ការរឹតបន្តឹងការនាំចេញអង្កររបស់ឥណ្ឌា និងការធ្លាក់ចុះនៃប្រាក់បាតដល់ ៣៦បាតក្នុងមួយដុល្លារ កំពុងជួយរក្សាភាពប្រកួតប្រជែងនៃ តម្លៃអង្ករថៃ។លើសពីនេះ កត្តាវិជ្ជមានរួមមាន តម្រូវការពីទីផ្សារនាំចេញសំខាន់ៗរបស់ប្រទេថៃ រួមមាន ហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលពួកគាត់ត្រៀម ដើម្បីកាត់បន្ថយផលប៉ះពាល់នៃអតិផរណា និងគ្រោះរាំងស្ងួត។
ទន្ទឹមគ្នានេះ ហ្វីលីពីន បានប្រកាសជាផ្លូវការពី ការកាត់បន្ថយពន្ធនាំចូលអង្ករពី ៣៥% ទៅ ១៥% ដែលមានប្រសិទ្ធភាព គិតត្រឹមដើមខែសីហា ឆ្នាំនេះ និងមានរយៈពេលរហូតដល់ឆ្នាំ ២០២៨។គួរជម្រាបថា ក្រសួងពាណិជ្ជកម្មថៃ លើកឡើងថា ការនាំចេញអង្ករនៅឆ្នាំនេះ ទំនងជាឈានដល់ ៨,២ លានតោន ដែលមានតម្លៃ ៤ពាន់ ៥រយលានដុល្លារអាមេរិក ដែលលើសពីការព្យាករណ៍ កាលពីដើមឆ្នាំ ត្រឹម ៧,៥លានតោន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ