ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥
ខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះសំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល” និង “រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថាកម្ពុជាតែងតែប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ១៨២ ស្តីពីការហាមប្រាមនិងសកម្មភាពបន្ទាន់ សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងលិខិតបទដ្ឋានគតិយុត្តជាតិនិងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារផ្សេងទៀត។សម្តេចនាយករដ្ឋមន្រ្តី បន្តថាការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា គឺដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃរបបពួកហ្វាសស៊ីសអីភ្លែរដែលបានកាប់សម្លាប់ស្រ្តីនិងកុមារនៅភូមិលីឌីស ប្រទេសឆេកូស្លូវ៉ាគី និងនៅភូមិអូរាឌូ ប្រទេសបារាំងក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ និងដើម្បីរួមគ្នាទប់ស្កាត់អំពើហិង្សា ថែរក្សាសន្តិភាពពិភពលោក ព្រមទាំងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្រាប់កម្ពុជាប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង ដើម្បីលើកកម្ពស់និងជំរុញការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារ ការការពារកុមារពីបញ្ហាប្រឈមនឹងការរំលោភបំពានគ្រប់រូបភាព ជាពិសេសដើម្បីរំលឹកដល់មហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារត្រូវបានបំបិទសិទ្ធិសេរីភាពទាំងស្រុង ហើយទទួលរងនូវការកាប់សម្លាប់ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការជាទម្ងន់ ការបង្អត់អាហារ និងការរស់នៅយ៉ាងលំបាកវេទនាដោយអយុត្តិធម៌ព្រមទាំងបានបន្សល់ទុកនូវផលពិបាកយ៉ាងធ្ងន់ធ្ងរបំផុតទៀតផង។ សម្តេចនាយករដ្ឋមន្រ្តី រម្លឹកថាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមទាំងសិទ្ធិកុមារផងត្រូវបានការពារនិងលើកតម្កើងដោយមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ យុទ្ធសាស្ត្រចតុកោណ យុទ្ធសាស្ត្របញ្ចកោណ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខ័ណ្ឌនយោបាយកម្មវិធីនយោបាយ និងផែនការសកម្មភាពជាតិ។
ដើម្បីអបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាល ក៏បានណែនាំឲ្យ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំពិធីជួបជុំថ្នាក់ជាតិនិងរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់កុមារនៅរាជធានីភ្នំពេញ។ ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ណែនាំប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា ឱ្យធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឱ្យជ្រួតជ្រាបពីប្រវត្តិនិងគោលបំណងនៃទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា និងត្រូវចងបដាពាក្យស្លោកអបអរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនាខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះតាមខ្លឹមសារមួយចំនួន ដូចជា មានសន្តិភាព មានការគាំពារ និងការអភិវឌ្ឍដល់កុមារ។ ពួតដៃគ្នានៃកម្លាំងសេវាសង្គមក្នុងវិស័យកិច្ចការពារកុមារ គឺជាការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍កុមារ។
សន្តិភាពបាននាំឱ្យមានការអភិវឌ្ឍធនធានមនុស្សក្នុងយុគសម័យឌីជីថល។ សន្តិភាពបានផ្ដល់ស្នាមញញឹមដល់កុមារដែលជាអ្នកបន្តវេនក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ យុត្តិធម៌សង្គមសម្រាប់គ្រប់គ្នាដើម្បីបញ្ចប់ពលកម្មកុមារក្រោមម្លប់សន្តិភាព និងរួមគ្នាការពារកុមារមិនឱ្យធ្លាក់ចូលទៅក្នុងការកេងប្រវញ្ចនិងការរំលោភបំពានគ្រប់ទម្រង់ ជាពិសេសតាមប្រព័ន្ធអនឡាញ និងប្ដេជ្ញារួមគ្នាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារជាដើម។
អត្ថបទ៖ទេព សុរ៉ាវី
រូបភាព៖ឯកសារ