ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

ប្រទេសរុស្ស៊ីនិយាយថា ប្រទេសនៅបស្ចិមលោកកំពុងបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ

 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្កេ ឡាវរ៉ូវ បាននិយាយពីថ្ងៃចន្ទថា ការគាំទ្ររបស់អាមេរិក អង់គ្លេស និងបារាំងចំពោះអ៊ុយក្រែនកំពុងបង្កហានិភ័យជាយុទ្ធសាស្ត្រយ៉ាងធ្ងន់ធ្ងរដែលអាចឈានដល់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក។

 

 

 

 

លោក ឡាវរ៉ូវ បាននិយាយថា សហរដ្ឋអាមេរិក និងអង្គការណាតូកំពុងឈ្លក់វង្វេងនឹងគំនិតនៃការរិះរកមធ្យោបាយធ្វើឱ្យរុស្ស៊ីបរាជ័យយ៉ាងធ្ងន់ធ្ងរ ហើយគំនិតនេះអាចនឹងបង្កើនហានិភ័យកាន់តែខ្លាំងនៅក្នុងការប្រឈមមុខដាក់គ្នាមហាអំណាចនុយក្លេអ៊ែរ។

 

លោក ឡាវរ៉ូវ បាននិយាយថា បណ្ដាប្រទេសបស្ចិមលោកកំពុងស្ថិតនៅលើមាត់ជ្រោះដ៏គ្រោះថ្នាក់នៃការប៉ះទង្គិចគ្នាផ្នែកយោធាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរ ដែលនឹងបង្កឱ្យមានផលវិបាកដ៏មហន្តរាយ។ ការព្រមានរបស់រុស្ស៊ីនេះបានធ្វើឡើងបន្ទាប់ពីអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួនបាននិយាយថា ពួកគេកំពុងជួយអ៊ុយក្រែនក្នុងការការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី។

 

អាមេរិកនិយាយថា វាគឺរុស្ស៊ីហ្នឹងហើយដែលកំពុងធ្វើឱ្យភាពតានតឹងនៅអឺរ៉ុបខាងកើត និងខាងលិចកាន់តែធ្ងន់ធ្ងរ ហើយក៏ជាអ្នកចេញការព្រមានម្តងហើយម្តងទៀតពីគ្រោះថ្នាក់នៃជម្លោះនុយក្លេអ៊ែរផងដែរ។ លោក ឡាវរ៉ូវ បានឆ្លើយតបវិញថា ការណ៍ពិតគឺរដ្ឋនុយក្លេអ៊ែរបស្ចិមលោកទាំងបីគឺអាមេរិក អង់គ្លេស និងបារាំងឯណោះវិញទេដែលជាអ្នកបង្កឱ្យមានហានិភ័យដល់កម្រិតគ្រោះថ្នាក់នុយក្លេអ៊ែរបែបនេះពីព្រោះពួកគេគឺជាអ្នកជួយឧបត្ថម្ភដ៏សំខាន់ចំពោះរបបឧក្រិដ្ឋកម្មក្រុងកៀវរបស់ប្រទេសអ៊ុយក្រែន៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024