ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីៗថែមទៀតទៅលើប្រទេសអ៊ីរង់

មេដឹកនាំសហភាពអឺរ៉ុប (EU) បានសម្រេចចិត្តកាលពីថ្ងៃពុធថានឹងបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដែលបានវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនកាលពីចុងសប្តាហ៍មុនទៅលើប្រទេសអ៊ីស្រាអែល។

 

 

 

 

ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីថ្ងៃទីមួយនៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា សហភាពអឺរ៉ុបនឹងចាត់វិធានការរឹតបន្តឹងបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ ជាពិសេសទាក់ទងនឹងយន្តហោះដ្រូន និងមីស៊ីល។

 

ក្រុមមេដឹកនាំសហភាពអឺរ៉ុបក៏បានជំរុញឱ្យ«គ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ឱ្យបានខ្លាំងបំផុត និងជៀសវាងសកម្មភាពណាមួយដែលអាចបង្កើនភាពតានតឹងនៅក្នុងតំបន់»។ សូមរំលឹកថា អ៊ីរ៉ង់បានបង្ហោះយន្តហោះដ្រូន និងមីស៊ីល ប្រហែល ៣៥០ គ្រឿងកាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុនដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានទូតអ៊ីរ៉ង់នៅប្រទេសស៊ីរីកាលពីថ្ងៃទី១ ខែមេសាបណ្ដាលឱ្យស្លាប់ពលរដ្ឋអ៊ីរ៉ង់ ៧ នាក់រួមទាំងមេបញ្ជាការជើងចាស់ពីរនាក់ផងដែរ។

 

សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មរួចហើយទៅលើអ៊ីរ៉ង់ រួមទាំងការរឹតបន្តឹងពាណិជ្ជកម្ម ការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិផងដែរ ហើយ  ថ្មីៗនេះ ប្លុកនេះក៏បានបង្កើតរបបទណ្ឌកម្មថ្មីថែមទៀតដោយបានហាមឃាត់ការនាំចេញសមាសធាតុសំខាន់ៗរបស់អឺរ៉ុបទៅកាន់ប្រទេសអ៊ីរ៉ង់ដែលប្រើសម្រាប់ផលិតយន្តហោះដ្រូននៅប្រទេសនេះ៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024