ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

IMF ព្យាករកំណើនសេដ្ឋកិច្ចសកល ៣,២% ក្នុងឆ្នាំ ២០២៤

១៨ មេសា ២០២៤ | សេដ្ឋកិច្ច

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានព្យាករ កំណើនសេដ្ឋកិច្ចសកល នៅឆ្នាំ ២០២៤ រំពឹងសម្រេចបានត្រឹម ៣,២% ប្រសើរជាងការព្យាករណ៍ កាលពីខែមករាកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។

 

 

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានកែប្រែការរំពឹងទុករបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ បន្ទាប់ពីបានគូសបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោក នៅតែមានភាពធន់ ប៉ុន្តែវាបានព្រមានថា ទស្សនវិស័យនៅតែមានការប្រុងប្រយ័ត្ន ចំពេលអតិផរណាបន្តកើតមាន និងហានិភ័យភូមិសាស្ត្រនយោបាយ។

 

 

ការព្យាករណ៍ថ្មី អំពាវនាវឱ្យមាន កំណើនពិភពលោកចំនួន ៣,២% នៅឆ្នាំនេះ កើនឡើងបន្តិចនៃ ០,១% ពីការវាយតម្លៃកាលពីខែមករា និង ០,៣% ពីអ្វីដែលបានព្យាករ កាលពីខែតុលាឆ្នាំមុន។

 


របាយការណ៍នេះបានបន្តថា ទោះបីជាសេដ្ឋកិច្ចពិភពលោក នៅតែមានភាពធន់ក៏ដោយ កំណើនមិនស្មើគ្នា ហើយបញ្ហាប្រឈម នឹងកើតមាននៅខាងមុខ។លើសពីនេះ កំណើននៅក្នុងប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ៥,២ នៅឆ្នាំ ២០២៣ មកត្រឹម ៤,៦% នៅឆ្នាំ ២០២៤ និង ៤,១% នៅឆ្នាំ ២០២៥ ដែលនៅដដែលមិនផ្លាស់ប្តូរពីរបាយការណ៍មុននោះទេ។

 


សូមជម្រាបថា អតិផរណាពិភពលោក ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះជាលំដាប់ពី ៦,៨% នៅឆ្នាំ ២០២៣ ដល់ ៥,៩% នៅឆ្នាំ ២០២៤ និង ៤,៥% នៅឆ្នាំ ២០២៥ ដោយប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន នឹងត្រលប់ទៅគោលដៅអតិផរណារបស់ពួកគេវិញ ឆាប់ជាងទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024