ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

មនុស្សយ៉ាងតិច ៦ នាក់ស្លាប់ក្នុងការលិចទូកក្នុងទន្លេនៅប្រទេសឥណ្ឌា

មន្ត្រីមូលដ្ឋានបាននិយាយថា មនុស្សយ៉ាងតិច ៦ នាក់រួមទាំងក្មេងផងបានស្លាប់បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់លិចនៅក្នុងទន្លេមួយនៅតំបន់កាស្មៀរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ។

 

 

 

 

ទូកមួយគ្រឿងបានក្រឡាប់លិចនៅក្នុងទន្លេជេលុម (Jhelum) នៅតំបន់ហ្កានឌឺបល់ស្ថិតនៅជាយទីក្រុងស្រីណាហ្កានៅតំបន់កាស្មៀ។ អាជ្ញាធរបាននិយាយថា ទូកនេះបានដឹកអ្នកដំណើរ ១៥ នាក់ក្នុងនោះមាន ៧ នាក់ជាអនីតិជន និង ៨ នាក់ទៀតជាមនុស្សពេញវ័យ។

 

អាជ្ញាធរបានបន្ថែមថា កងកម្លាំងឆ្លើយតបនឹងគ្រោះមហន្តរាយរបស់រដ្ឋ និងបុគ្គលិកកងទ័ពបានធ្វើដំណើរទៅដល់កន្លែងកើតហេតុដើម្បីស្វែងរកអ្នកដំណើរ ១២ នាក់ក្នុងចំណោម ១៥ នាក់ ប៉ុន្តែជាអកុសលមនុស្សយ៉ាងតិច ៦ នាក់បានស្លាប់          ខណៈមនុស្សចំនួន ៣ នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងទន្លេនេះ។

 

ទន្ទឹមនេះដែរ កងកម្លាំងសន្តិសុខឥណ្ឌាបានបាញ់សម្លាប់ក្រុមម៉ៅនិយមចំនួន ២៩ នាក់នៅក្នុងការប្រយុទ្ធគ្នាមួយនៅក្នុងរដ្ឋឆាតទីហ្កានៅភាគកណ្ដាលប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ។ ក្រុមម៉ៅនិយមបានធ្វើការតស៊ូតាមបែបទ័ពព្រៃប្រឆាំងនឹងរដ្ឋាភិបាល ហើយបាននិយាយថាពួកគេកំពុងប្រយុទ្ធប្រឆាំងរដ្ឋាភិបាលដើម្បីជួយឱ្យកសិករឥណ្ឌាក្រីក្រ និងកម្មករមានដីធ្វើស្រែគ្រប់គ្រាន់ និងដើម្បីទាមទារការគ្រប់គ្រងកាន់តែច្រើនឡើងនូវតំបន់រ៉ែដែលកំពុងកេងប្រវ័ញ្ចដោយក្រុមហ៊ុនធំៗជាច្រើន៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024