ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ទ្រព្យសកម្មក្នុងប្រព័ន្ធធនគារ ឈានដល់ ៨៤ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៣

១១ មេសា ២០២៤ | សេដ្ឋកិច្ច

 

សមាគមធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤,៣ពាន់លានដុល្លារអាមេរិក ឬស្មើនឹងជាង ២៦៥% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។

 

 

នាឱកាសសន្និសីទសារព័ត៌មានស្តីពី ការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០នៃ ការបង្កើតសមាគមធនាគារនៅកម្ពុជា លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល ៣ទស្សវត្សរ៍ចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជា បានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ឈានទៅរករបត់នៃកំណើនមួយប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។

 


ជាក់ស្តែង គិតត្រឹមឆ្នាំ ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤,៣ពាន់លានដុល្លារអាមេរិក ឬស្មើនឹងជាង ២៦៥% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។

 


ទន្ទឹមគ្នានេះ ឥណទានអតិថិជនកើនដល់ ៥៧ពាន់លានដុល្លារអាមេរិក ឬជាង ១៨០% នៃ ផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជា ៣លាន ៨សែនគណនីឥណទាន ខណៈប្រាក់បញ្ញើបានកើនឡើងដល់ជិត ៤៨ពាន់លានដុល្លារអាមេរិក ដែលមានប្រមាណជាង ១៨លានគណនី។

 


ប្រធានសមាគម បានគូសបញ្ជាក់ថា សក្ខីភាពខាងលើនេះ បានបញ្ជាក់ឱ្យឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងចូលរួមចំណែក ក្នុងការសម្រេចបាននូវ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ ២០៥០។

 


គួរបញ្ជាក់បន្ថែមថា នៅក្នុងវិស័យធនាគារ ក្នុងឆ្នាំ ២០២៣ កម្រិតឥណទានមានការកើនឡើងប្រមាណជាង ១៤% ដែលទ្រទ្រង់ដល់វិស័យសំខាន់ៗ ដូចជា វិស័យផលិតភាព និងវិស័យកសិកម្មជាដើម ខណៈអត្រាឥណទានមិនដំណើរការនៅក្នុងវិស័យធនាគារ  មានប្រមាណ ៥,៤% ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024