ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម ចាប់ផ្តើមពង្រីកទីផ្សារនៅអាស៊ីអាគ្នេយ៍

០៩ មេសា ២០២៤ | សេដ្ឋកិច្ច

 

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូជាមួយឈ្មួញចំនួន ១៥ នៅក្នុងប្រទេសថៃ ដែលជាកិច្ចខិតខំក្នុងការពង្រីកអាជីវកម្ម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទាញយកតម្រូវការដែលកំពុងកើនឡើងនៅក្នុងតំបន់។ នេះបើយោងតាម សេចក្តីរាយការណ៍ដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

ប្រភពខាងលើបានបន្ថែមថា ប្រទេសថៃ កំពុងសម្លឹងមើលការបំប្លែងប្រហែល ៣០% នៃផលិតកម្មរថយន្តប្រចាំឆ្នាំរបស់ខ្លួន ទៅជារថយន្តអគ្គិសនី នៅឆ្នាំ ២០៣០ ដោយជំរុញឱ្យមានការប្រកួតប្រជែងក្នុងចំណោម ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងទៀត។

 


VinFast ចូលទីផ្សារក្នុងពេលដែលម៉ាករថយន្តអគ្គិសនី របស់ចិនដូចជា BYD និង Great Wall Motor កំពុងលក់ដាច់ខ្លាំងនៅក្នុងប្រទេសថៃ ហើយអ្នកដឹកនាំទីផ្សារ Tesla កំពុងពិភាក្សាជាមួយ អាជ្ញាធរថៃសម្រាប់កន្លែងផលិត។

 


លើសពីនេះ BYD មានចំណែកធំបំផុតនៃទីផ្សាររថយន្តអគ្គិសនី របស់ប្រទេសថៃ។VinFast អះអាងថា ក្រុមហ៊ុន និងដៃគូ នឹងធ្វើការយ៉ាងសកម្មឆ្ពោះទៅរកការបើក ទីតាំងបង្ហាញផលិតផលចំនួន ២២ ដែលផ្តោតលើផ្លូវធំៗនៅក្នុងតំបន់បាងកក ដែលជាយុទ្ធសាស្រ្តពង្រីកទីផ្សាររបស់ VinFast នៅក្នុងប្រទេសថៃ។

 


នៅឆ្នាំ ២០២៣ ប្រជាជនថៃ បានទិញរថយន្តអគ្គិសនី ចំនួន ៧ម៉ឺនគ្រឿង ឬប្រហែល ៩% នៃការលក់រថយន្តក្នុងស្រុក ហើយវាត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងនៅចុងឆ្នាំ ២០២៤ នេះបើយោងតាមការព្យាករណ៍របស់ សហព័ន្ធឧស្សាហកម្មថៃសូមជម្រាបថា VinFast បានអះអាងថា ក្នុងឆ្នាំ ២០២៣ ខ្លួនមានការបញ្ជាទិញជិត ៦ម៉ឺន ៥ពាន់គ្រឿង នៅទូទាំងពិភពលោក ហើយរំពឹងថា នឹងលក់រថយន្តអគ្គិសនី ៧៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៦តទៅ៕
 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024