ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥

បណ្ឌិតសភាចារ្យ សុខ ទូច៖ ក្រសួងពាក់ព័ន្ធមួយចំនួនត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញការផលិតរបស់កម្ពុជាឆ្លើយតបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

៣០ កក្កដា ២០២០ | ព័ត៌មានជាតិ

កម្ពុជាត្រូវជំរុញការផលិត ដើម្បីទទួលបានផលប្រយោជន៍ពីពាណិជ្ជកម្មសេរីជាមួយចិន។ ដើម្បីជំរុញការផលិត ក្រសួងពាក់ព័ន្ធមួយចំនួនត្រូវតែធ្វើការរួមគ្នា រកដំណោះស្រាយរួម និងលើកទឹកចិត្តដល់វិស័យឯកជនបង្កើនការវិនិយោគ និងផលិតកម្មក្នុងស្រុក។ នេះបើតាមការលើកឡើងរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

 


ក្រសួងពាក់ព័ន្ធមួយចំនួនត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញការផលិតរបស់កម្ពុជាឆ្លើយតបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បើកម្ពុជាមិនបានត្រៀមខ្លួនរួចរាល់ទេនោះ នាំឲ្យកម្ពុជាទទួលបានប្រយោជន៍តិចតួចពីពាណិជ្ជកម្មសេរីនេះ។ នេះបើតាមការលើកឡើងរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្តីពី សារប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា នៅរាជបណ្ឌិត្យសភាពកម្ពុជា។


បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ក្រសួងពាក់ព័ន្ធដែលត្រូវពង្រឹងការងារ និងរួមគ្នាដើម្បីបង្កើនការផលិតនេះរួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះ ការរៀបចំ និងដោះស្រាយបញ្ហាការដឹកជញ្ជូន, ការិយាល័យធិបតេយ្យ, បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ: និងតម្លៃអគ្គិសនី ជារឿងដែលត្រូវគិតគូធ្វើជាចាំបាច់។

 


ដោយឡែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការបើកទីផ្សារជាមួយចិន គឺជាភាពវ័យឆ្លាតមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតប៉ូលពាណិជ្ជកម្មថ្មី បន្ទាប់ពីប៉ូលពាណិជ្ជកម្មជាមួយអឺរ៉ុប។ លោកបានបន្តថា តាមរយៈកិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យលំហូរទំនិញពីចិនហូរចូលមកទីផ្សារកម្ពុជា ហើយកម្ពុជា ត្រូវការរៀបចំខ្លួនជាចាំបាច់សម្រាប់ទប់លំហូរទំនិញរបស់ចិន ដោយត្រូវបង្កើនការវិនិយោគ និងផលិតកម្ម ដែលអាចប្រកួតប្រជែង ឬសម្រាប់ការនាំចេញ។

 


សូមបញ្ជាក់ថា បើតាមការឲ្យដឹងពីឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខានៅពេលខាងមុខនេះ យ៉ាងហោចណាស់ មុខទំនិញរបស់កម្ពុជាជាង ៣៤០មុខ ប្រមាណ៩៥ភាគរយ នឹងអាចនាំចេញចូលទៅកាន់ទីផ្សារចិន ដោយមិនជាប់កាតព្វកិច្ចពន្ធ។ ក្នុងនោះ ទំនិញរបស់កម្ពុជាដែលអាចនាំចេញទៅចិនបានដោយរួចពន្ធ ភាគច្រើនជាមុខទំនិញកសិកម្ម និងឧស្សាហកម្មកែច្នៃ៕

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025