ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥
នៅថ្ងៃទី៩ មិថុនា ២០២០ កម្ពុជា និងចិនបានបញ្ចប់ការចរចាជុំទី ៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមអ្នកចរចាកម្ពុជា បានចួលរួមកិច្ចចរចាជុំទី ៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ជាមួយសហភាគីចិន ដែលដឹកនាំដោយអគ្គនាយករងក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមអ្នកចរចាចិន។
កិច្ចចរចាបានផ្តោតជាសំខាន់ទៅលើកាបើកច្រកទីផ្សារផ្នែកទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងផ្នែកនីតិកម្ម ដែលនឹងជំរុញការនាំចេញទំនិញពីកម្ពុជា និងទាក់ទាញវិនិយោគបរទេសឲ្យកាន់តែកើនឡើង។ ក្រុមការងារបច្ចេកទេសកម្ពុជា-ចិន ទាំង ១០ក្រុម ក៏បានរាយការណ៍វឌ្ឍនភាពសម្រេចបាន និងស្នើសុំអនុសាសន៍ បង្ហាញការប្រឈមផ្នែកបច្ចេកទេស ច្បាប់ និងគោលនយោបាយ ពីប្រធានក្រុមអ្នកចរចានៃប្រទេសទាំងពីរ ក្នុងកិច្ចចរចាជុំទី៣នេះ ។
ភាគីកម្ពុជា-ចិន បានដោះស្រាយបញ្ហាសេសសល់ទាំងស្រុង នៃអត្ថបទកិច្ចព្រមព្រៀង Agreement Text ហើយក៏បានឯកភាពលើគោលការណ៍សំខាន់ៗ ទាក់ទងនឹងការបើកច្រកទីផ្សារ Market access ផ្នែកទំនិញ និងសេវផងដែរ។ ក្រុមការងារ នឹងស្នើសុំគោលការណ៍ពីររដ្ឋាភិបាលរៀងៗខ្លួន ដើម្បីផ្តល់ការយល់ព្រមលើអត្ថបទកិច្ចព្រមព្រៀង និងសំណើរបើកច្រកទីផ្សារ ព្រមទាំងជំពូកផ្សេងៗ ដើម្បីធ្វើការសម្រេចចិត្តប្រកាសបិទបញ្ចប់ការចរចា និងឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅចុងឆ្នាំ ២០២០នេះ។
ផ្អែកលើគោលការណ៍រួម ដែលបានឯកភាពគ្នាដោយក្រុមអ្នកចរចា ប្រសិនជារដ្ឋាភិបាលនៃប្រទេសទាំងពីរឯកភាពលើអត្ថបទនៃកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារដែលបានស្នើរឡើងនោះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងលើសអត្រាកំណើនក្នុងឆ្នាំ២០១៧ ធៀបនឹង២០១៨ និងពីឆ្នាំ២០១៩ ដែលមានប្រមាណជា២០ភាគរយ គិតជាមធ្យមក្នុងមួយឆ្នាំៗ។
ទន្ទឹមនឹងនោះកំណើនវិនិយោគពីបរទេស ក៏ត្រូវបានរំពឹងផងដែរថា នឹងកើនឡើងខ្លាំង ដែលជាប្រភពចំណូល និងការងារជូនប្រជាជនកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ៕