ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

សម្តេចធិបតី៖ សហគ្រាសធុនតូច និងមធ្យម គឺជាចំណែកមួយដ៏សំខាន់នៃការជំរុញកំណើនសេដ្ឋកិច្ច

២៣ កុម្ភៈ ២០២៤ | សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម គឺជាចំណែកមួយដ៏សំខាន់នៃការជំរុញកំណើនសេដ្ឋកិច្ច។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រួមនិងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារតេជោសែន នៃទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពស់ ១៨ជាន់ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅប្រទេសអ្នកមាន បើតាមយើងមើលទិន្នន័យឃើញថា ៩៥ភាគរយ នៃក្រុមហ៊ុនទាំងអស់នៅប្រទេសនោះ គឺជាសហគ្រាសធុនតូច និងមធ្យមដែលមានបុគ្គលិកចាប់ពី ២៥០នាក់ ចុះក្រោមនេះឯង។ តែសម្រាប់នៅកម្ពុជាវិញតាមទិន្នន័យឆ្នាំ២០១៨ គឺមានក្រុមហ៊ុនប្រភេទនេះជាង ៩៩ភាគរយ ដែលសហគ្រាសធុនតូច និងមធ្យមនេះហើយដែលយើងត្រូវតែលើកស្ទួយ ក្នុងនោះឈ្មោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺមានការជាប់ពាក់ព័ន្ធទៅនឹងកិច្ចការងារនេះ ដែលជាក្រសួងត្រូវបានចាត់ទុកថាជាកម្លាំងចលករមួយក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតការងារ បង្កើតតម្លៃបន្ថែម បង្កើតប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ 

 


សម្តេចធិបតីបានថ្លែងបញ្ជាក់ថា គោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍ ដែលគោលដៅរបស់យើងគឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់ បង្កើតការងារឱ្យបានច្រើន ដែលនេះគឺជាគោលដៅសំខាន់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ រួមនិងអាណត្តិបន្តបន្ទាប់ទៀត។ 
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអះអាងថា យើងធ្វើឱ្យប្រទេសមួយរីកចម្រើន ជាប្រទេសអ្នកមានមួយបានទាល់តែចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗបានកើនឡើងដល់កម្រិតមួយ។ រដ្ឋអត់មានថវិកាសម្រាប់ចែកដាក់ក្នុងហោប៉ៅប្រជាពលរដ្ឋទេក្រៅពីការបង្កើតការងារ ហើយការងារនោះអាចទាញផលចំណូលបានខ្ពស់នោះទើបមាននិរន្តរភាព និងភាពធន់។

 

 

«អីចឹង ការជំរុញរបស់យើងត្រូវតែគិតអំពីមូលដ្ឋាន ដោយសម្តេចបានគូសបញ្ជាក់ថា គ្រឹះនៃសេដ្ឋកិច្ចរបស់យើង គឺត្រូវពឹងផ្អែកទៅលើវិស័យឯកជនច្រើនដែលជាកម្លាំងស្នូលនៃការជំរុញកំណើនសេដ្ឋកិច្ច»។

 

 

នេះជាការលើកឡើងបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានឱ្យដឹងថា នៅឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាមានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោលកើនចំនួន ១៤៣រោងចក្រ ស្មើនឹងប្រមាណ ៧.២១ភាគរយ ធៀបនឹងឆ្នាំ២០២២។

 

 

ចំនួនរោងចក្រធុនធ្ងន់ដែលកំពុងដំណើរការទូទាំងប្រទេសមានចំនួន ២១២៥រោងចក្រ និងផ្តល់ការងារចំនួន ១លានកន្លែង។ ទុនវិនិយោគសរុបក្នុងឆ្នាំ២០២៣ មានចំនួន ១៨.៥៦ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១១.២៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ ដោយឡែកចំពោះតម្លៃបរិមាណផលិតវិញគឺមានប្រមាណ ១៦.៣៦ ពាន់លានដុល្លារ កើនឡើង ៥៣១ លានដុល្លារ ស្មើប្រមាណ ៣.៣៥ភាគរយ បើធៀបនឹងឆ្នាំ២០២២៕

 

 

ដោយ៖ AKP រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024