ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

រដ្ឋមន្ត្រីធម្មការ សូមអនុវត្តបទបញ្ញត្តិបាក់ឌុបសាលាបាលី ឱ្យបានម៉ឺងម៉ាត់

២១ កុម្ភៈ ២០២៤ | ព័ត៌មានជាតិ


ការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសាលា ឆ្នាំ២០២៤ ដែលមានរយៈពេល ៣ថ្ងៃ បានចាប់ផ្ដើមហើយ នៅថ្ងៃទី២១កុម្ភៈនេះ។ រដ្ឋមន្ត្រីក្រសួងធម្មការ បានក្រើនរំឭកឱ្យអនុវត្តបទបញ្ជា នៃការប្រឡងឱ្យបានម៉ឺងម៉ាត់។

 


ការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ គឺជាការប្រឡងដ៏សំខាន់បំផុតមួយ ដើម្បីសម្រិតសម្រាំង ឬផលិតបាននូវមូលធនសង្ឃដែលជាសសរគ្រឹះ នៃពុទ្ធិកសិក្សា ហើយក៏ជារបត់ថ្មីមួយឆ្ពោះទៅឧត្តមសិក្សាដែរ ។ ហេតុនេះសូមបេក្ខសមណៈ បេក្ខជន ក៏ដូចជាមន្ត្រីប្រឡងគ្រប់ផ្នែកគ្រប់ថ្នាក់ និងគណៈកម្មការប្រឡង មេត្តាយកព្រះទ័យ និងយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះវិន័យបញ្ញត្តិ នៃការប្រឡង ។

 

 

នេះគឺជាការលើកឡើងរបស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាឱកាសអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសាលាបាលី នាព្រឹកថ្ងៃ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឯមណ្ឌលប្រឡងវិទ្យាល័យព្រះសុរាម្រឹត ក្នុងរាជធានីភ្នំពេញ ។

 


ចំពោះវិន័យ ឬបទប្បញ្ញត្តិ នៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសាលាបាលី គឺម៉ឺងម៉ាត់ដូចការប្រឡងរបស់សិស្សនៅសាលាចំណេះទូទៅដែរ ដែលក្នុងនោះសំណៅឯកសារគ្រប់ប្រភេទ ឧបករណ៍អេឡិចត្រូនិក និងទូរសព្ទដៃជាដើម ត្រូវបានហាមឃាត់ដាច់ខាត ខណៈការលួចមើល លួចចម្លង ជាដើមប្រសិនបើត្រូវបានរកឃើញថាបានបំពាន នឹងត្រូវអនុវត្តតាមបទបញ្ញត្តិ ។ 

 


ចំណែកភិក្ខុ ព្រះលង្ការមុនី បណ្ឌិត យ៉ន កុសល ព្រះប្រធានផ្នែកពុទ្ធិមធ្យមសិក្សា បានមានព្រះថេរដីកាថាថ្នាក់ដឹកនាំទាំងអស់ នៃពុទ្ធិកមធ្យមសិក្សា ជាពិសេសសម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង ព្រះអគ្គាធិការរង ទទួលបន្ទុកដឹកនាំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចបានសង្កត់ធ្ងន់ទៅលើការសម្រិតសម្រាំងយកគុណភាព ទើបការប្រឡងបាក់ឌុបសាលាបាលី នេះ មានការរឹតបន្តឹងលើសឆ្នាំកន្លងមក ។

 


គួរជម្រាបជូនថា ការប្រឡងបាក់ឌុបសាលាបាលី ឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃគឺនៅថ្ងៃ២១ -២២ និង២៣ ខែកុម្ភៈ ដោយមានបេក្ខសមណៈ និងបេក្ខជនសរុប ៥៤៩ អង្គ និងនាក់ ចែកចេញជា ២២ បន្ទប់ ដោយមានមណ្ឌលប្រឡងតែមួយប៉ុណ្ណោះ គឺនៅពុទ្ធិវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ ។

 


ចំណែកវិញ្ញាសា នៃការប្រឡង មានចំនួន ១៤ គឺភាសាបាលី ផែនដីវិទ្យា សាសនាប្រៀបធៀប គីមីវិទ្យា ភាសាខ្មែរ ប្រវត្តិវិទ្យា ព្រះអភិធម្ម រូបវិទ្យា ភូមិវិទ្យា គណិតវិទ្យា ភាសាអង់គ្លេស ភាសាសំស្ក្រឹត ជីវវិទ្យា និងពលរដ្ឋវិទ្យា៕
 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ សែត ប៊ុនថាន់ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024