ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥
បវរកញ្ញារូបស្រស់ ប៊ី សុធារី ប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមមកុដ Miss Grand កំពង់ឆ្នាំង ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ ព្រោះនេះជាវេទិកាសម្រស់ចុងក្រោយបង្អស់ដែលនាងចូលរួមប្រកួត។
បវរកញ្ញាជើងខ្លាំង ប៊ី សុធារី បានប្រកាសចូលទីលានប្រកួតជាលើកចុងក្រោយនៅក្នុងឆ្នាំ២០២៤នេះ ដោយនាងបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង គ្រប់គ្រងដោយតារាសម្តែងរូបស្រស់ ខាត់ ស្រីច័ន្ទ។ សព្វថ្ងៃ សុធារី កំពុងស្វិតស្វាញក្នុងការបំពេញបេសកម្ម ក៏ដូចជាហ្វឹកហាត់បន្ថែម ត្រៀមសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ។
ផ្តល់កិច្ចសម្ភាសន៍ក្នុងថ្ងៃសម្ភោធរឿង ស្រលាញ់បងល្អពេក កាលពីពេលថ្មីៗ បវរកញ្ញារាងខ្ពស់ស្រឡះនេះឱ្យដឹងថា វេទិកា Grand ជា platform ថ្មីមួយទៀតសម្រាប់នាង ទោះបីធ្លាប់មានបទពិសោធន៍ប្រកួតបវរកញ្ញាច្រើនក៏ពិតមែន។ នាងមានអារម្មណ៍ប្លែកពេលបោះជំហានចូលប្រកួតកម្មវិធីនេះ ព្រោះគ្រប់យ៉ាងសុទ្ធតែជារឿងថ្មីដែលនាងត្រូវរៀនសូត្រ ដូចបេក្ខភាពផ្សេងទៀតដែរ។
ទោះបីត្រូវជួបផលលំបាកច្រើនក៏ពិតមែន តែបវរកញ្ញារាងតូចច្រឡឹងនេះ ប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងបានដាក់ចិត្តរួចរាល់ហើយថា ត្រូវតែធ្វើឱ្យបាន ត្រូវតែដណ្តើមមកុដ Miss Grand កំពង់ឆ្នាំង ឆ្ពោះទៅការប្រកួតថ្នាក់ជាតិឱ្យខានតែបាន។
គ្រប់គ្នានឹងឃើញនាងក្នុងរូបភាពថ្មីប្លែកមួយទៀត ដែលពុំធ្លាប់ឃើញពីមុនមកឡើយ ដូច្នេះនាងសង្ឃឹមថា ពុកម៉ែបងប្អូន ពិសេសហ្វេនៗនឹងជួយគាំទ្រនាងឱ្យពេញទំហឹង សម្រាប់ការប្រកួតបវរកញ្ញាលើកចុងក្រោយនេះ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច