ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

អាជ្ញាធរខេត្តបន្ទាយមានជ័យ បង្កើតផ្សារសហគមន៍ផលិតផលខ្មែរ ដេីម្បីជួយកសិករផ្សព្វផ្សាយផលិតផលកសិកម្មសុវត្ថិភាព គ្មានជាតិគីមី

២៥ កក្កដា ២០២០ | ព័ត៌មានជាតិ

 អាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេសមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្មខេត្ត ក្រៅពីជំរុញការដាំដុះ និងការចរាចរផលដំណាំទៅលក់លើទីផ្សារ អាជ្ញាធរខេត្តបានបង្កើតផ្សារសហគមន៍ផលិតផលខ្មែរសម្រាប់ឲ្យលក់ដូរ និងផ្សព្វផ្សាយ ផលិតផលកសិកម្ម ជាបន្លែផ្លែឈើសុវត្ថិភាពគ្មានជាតិគីមី និងផលិតផលកសិកម្មកែច្នៃក្នុងខេត្ត នៅទីតាំងបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ។ 

 


ផ្សារសហគមន៍ផលិតផលខ្មែរនេះត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដំណើរការផ្សារសហគមន៍ផលិតផលខ្មែរ និងវិថីម្ហូបអារហារ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមព្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ស្ថាប័ន មន្ទីរ អង្គភាព ក្រុង ស្រុក និងតំណាងក្រសួងពាណិជ្ជកម្មនារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។ 

 


ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា ផ្សារសហគមផលិតផលខ្មែរ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានចាប់បើកដំណើរការលក់ដូររៀងរាល់ចុងសប្តាហ៍។

 


លោកបន្តថា ផ្សារមានលក់បន្លែសុវត្ថិភាព និងសរីរាង្គ ដែលដាំដុះដោយក្រុមកសិករក្នុងខេត្តបន្ទាយមានជ័យ ក៍ដូចជាមាន់ស្រែ អង្ករ ម្សៅដំឡូងមី និងផលិតផលកសិកម្មកែច្នៃដោយសិប្បករនៅក្នុងខេត្តជាច្រើនមុខទៀត មានចំនួន៤៣ តូប បានរៀបចំរួចរាល់។

 


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថាការបង្កើតផ្សារសហគមន៍ផលិតផលខ្មែរក្នុងគោលបំណង ផ្សព្វផ្សាយអំពីផលិតផលកសិកម្ម ដែលផលិតដោយក្រុមកសិករ សហគមន៍កសិកម្ម អ្នកប្រមូលទិញ សហគ្រាសនានា បង្កើតឱកាសសម្រាប់ក្រុមកសិករផលិត អ្នកប្រមូលទិញធំៗ នៅក្នុងតំបន់ និងក្រៅតំបន់ ដើម្បីសហការគ្នាក្នុងគោលបំណងឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងបង្កើនផលិតផល និងផលិតកម្ម។

 


ឯកឧត្តមបន្តថា ផ្សារសហគមន៍ផលិតផលខ្មែរនេះ នឹងផ្តល់ភាពងាយស្រួលសម្រាប់ទីផ្សារលក់ដូរក្រោយទទួលផល ដែលធ្វើឲ្យកម្រិតជីវភាព ប្រជាកសិករបានល្អប្រសើរ ដែលជំរុញទឹកចិត្តធ្វើឲ្យបន្តខិតខំដាំបន្លែផ្លែឈើសុវត្ថិភាព ដោយគ្មានជាតិគីមី និងការចិញ្ចឹមសត្វតាមបែបធម្មជាតិ ក៍ដូចជាបានដឹងនិងជួយគាំទ្រផលិតផលកសិកម្មកែច្នៃដោយសិប្បករនៅក្នុងខេត្ត ដែលជាការលើកស្ទួយផលិតផលខ្មែរ និងសិប្បកម្មកែច្នៃក្នុងខេត្តផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025