ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ការនាំចេញបន្លែ ផ្លែឈើវៀតណាម ឈានដល់ ៥,២ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែ

២៤ ​វិច្ឆិកា ២០២៣ | សេដ្ឋកិច្ច

ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម បានកើនឡើង ៧០% ក្នុងរយៈពេល ១១ខែដំបូងដល់ ៥ពាន់ ២រយលានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុត និងជាប្រវត្តិសាស្ត្រថ្មីមួយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

សមាគមន៍បន្លែ និងផ្លែឈើវៀតណាម បង្ហាញថា ទុរេន មានចំណែក ៤០% នៃតម្លៃនាំចេញសរុប បន្ទាប់មកគឺខ្នុរ ឪឡឹក ក្រូចថ្លុង និងផ្លែមៀន ដែលមានកំណើនរង្វង់ ៥០% ទៅ ២០០%។

 


យ៉ាងណាមិញ ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតក្នុងរយៈពេល ១០ខែដំបូង ដែលមានទឹកប្រាក់ចំនួន ៣ពាន់ ២រយលានដុល្លារ ដែលស្មើនឹង ៦៦% នៃចំនួនសរុប តាមពីក្រោយដោយសហរដ្ឋអាមេរិក ធ្លាក់ចុះ ៣% មកនៅត្រឹម ២១២លានដុល្លារអាមេរិក។

 


តំបន់ដាំដុះទុរេន ត្រូវបានអនុម័តសម្រាប់ការនាំចេញទៅប្រទេសចិនបន្ថែមទៀតនៅឆ្នាំនេះ ហើយការណ៍នេះ បានជួយបង្កើនការនាំចេញ ស្របតាម ហេដ្ឋារចនាសម្ព័ន្ធនិងភស្តុភារ ដែលបានកែលម្អរួច។

 


សូមរម្លឹកថា អ្នកជំនាញ និងអ្នកជំនួញវៀតណាម មានសុទិដ្ឋិនិយមថា ការនាំចេញផ្លែឈើ និងបន្លែ អាចឈានទៅប្រាក់ចំណូលខ្ពស់បំផុតចំនួន ៥ពាន់លានដុល្លារនៅឆ្នាំនេះ ដែលជំរុញដោយលក្ខខណ្ឌអំណោយផល ខណៈផែនការនេះ សម្រេចរួចទៅហើយក្នុងរយៈពេលត្រឹម ១១ខែ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024