ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
tរឿងសំខាន់ដំបូងថ្ងៃនេះ សម្រាប់អាជីវករលក់មាស និង អ្នកចង់លក់មាស ព្រោះតម្លៃមាសថ្លៃខ្ពស់ណាស់ បើយើងមើលទៅលើខ្សែកោងឡើងចុះ ដ្យាក្រាមអំពីតម្លៃមាសនៅលើទីផ្សារសកលដែលបានបង្ហាញដោយស្ថាប័ន Market Insiderបានឲ្យដឹងថា តម្លៃមាសបានកើនឡើងជាលំដាប់ និងមិនមានការធ្លាក់ចុះទេ គិតតាំងពីដើមខែមិថុនារហូតមកទល់ថ្ងៃទី ២២ ខែកក្កដានេះ។ យ៉ាងណាមិញ សម្រាប់តម្លៃមាសនៅកម្ពុជា ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ ដោយអាជីវករលក់មាសអះអាងថា តម្លៃមាសគីឡូលក់ចេញនៅថ្ងៃនេះ បានកើនដល់ទៅ ២.២៣០ ដុល្លារអាមេរិកក្នុងមួយតម្លឹង ខណៈដែលតម្លៃទិញចូលវិញ កើនដល់ ២.២២០ ដុល្លារអាមេរិកក្នុងមួយតម្លឹង។
Story: លោកស្រី ស៊ាង លីម ម្ចាស់ហាងប្ដូរប្រាក់ និង លក់គ្រឿងអលង្ការលីហួរ បានបញ្ជាក់ប្រាប់ភីអិនអិន នៅថ្ងៃនេះថា តម្លៃមាស មានការកើនឡើងក្រឺតៗជាលំដាប់ ប៉ុន្ដែ អ្វីដែលជាការកត់សម្គាល់នោះ គឺវាបានហក់កើនឡើងខ្លាំងតាំងពីម្សិលមិញរហូតមកទល់ថ្ងៃនេះ ដោយតម្លៃមាសគីឡូលក់ចេញបានកើនដល់ ២.២៣០ ដុល្លារ ក្នុងមួយតម្លឹង ខណៈដែលតម្លៃមាសទិញចូលមានតម្លៃ ២.២២០ ដុល្លារក្នុងមួយតម្លឹង។
លោកស្រី ស៊ាង លីម រៀបរាប់បន្តថា បើធៀបនឹងតម្លៃមាសកាលពីប៉ុន្មានថ្ងៃមុន គឺតម្លៃមាសគីឡូលក់ចេញមានត្រឹមតែ ២.២០០ ដុល្លារ ខណៈដែលមាសទិញចូលមានតម្លៃ២.១៤០ ដុល្លារដូច្នេះ វាសបញ្ជាក់ថា តម្លៃមាសលក់ចេញ បានកើន៣០ ដុល្លារក្នុងមួយតម្លឹង និងមាសលក់ចេញកើនថ្លៃ ៤០ដុល្លារក្នុងមួយតម្លឹង។
ដោយឡែក បើធៀបនឹងតម្លៃមាសនៅថ្ងៃទី ២២ ខែកក្កដានេះ នឹងតម្លៃមាសកាលពីសប្ដាហ៍មុន ឃើញថា តម្លៃមាសលក់ចេញនៅថ្ងៃនេះ បានកើនថ្លៃរហូតដល់ទៅ ៦០ ដុល្លារក្នុងមួយតម្លឹង ខណៈដែលមានទិញចូលវិញ កើនថ្លៃ ៧០ដុល្លារ ក្នុងមួយតម្លឺង។
ម្ចាស់ហាងលក់មាសមួយកន្លែងនៅផ្សារស្ទឹងមានជ័យថ្មី បានអះអាងដូចគ្នានេះដែរថា តម្លៃមាសពិតជាបានហក់ឡើងថ្លៃខ្ពស់មែននៅប៉ុន្មានថ្ងៃមកនេះ។ អាជីវករលក់មាសរូបនេះ បានបន្ថែមថា ស្របពេលដែលតម្លៃមាសឡើងថ្លៃ មានភ្ញៀវដែលមកហាងលោកស្រីប្រមាណ ៧០% គឺជាអ្នកយកមាសមកលក់ ខណៈដែលអ្នកទិញមាសមានប្រមាណតែ ៣០%ប៉ុណ្ណោះ។ លោកស្រីបន្ថែមថា នៅពេលដែលមានអ្នកមកលក់មាសច្រើនជាងអ្នកទិញយ៉ាងដូច្នេះ វាក៏បានធ្វើឲ្យប៉ះពាល់ដល់ចរន្ដសាច់ប្រាក់របស់ហាងលោកស្រីខ្លះៗដែរ ប៉ុន្ដែលោកស្រីថា របរទិញលក់មាសនេះ គឺត្រូវការមានទំនួលខុសត្រូវខ្ពស់ ពោលគឺ បើគេយកមាសមកលក់ ជាម្ចាស់ហាងត្រូវតែមានទុនបម្រុងដើម្បីប្រមូលទិញវិញ។
យ៉ាងណាក៏ដោយចុះ អាជីវករមាសបានបញ្ជាក់ថា តម្លៃមាសលក់ចេញ ទិញចូល អាចនឹងមានការល្អៀងគ្នាបន្តិចបន្តួចទៅតាមហាងនីមួយៗ។
បើទោះបីជា តម្លៃមាសហក់កើនឡើងខ្ពស់ក្ដី ប៉ុន្ដែ តាមការបញ្ជាក់របស់លោកស្រី ស៊ាង លីម ម្ចាស់ហាងមាសលីហួរ បានឲ្យដឹងថា ចំពោះហាងលោកស្រី មិនសូវសម្បូរអតិថិជនចូលមកទិញ ឬលក់មាសច្រើនដូចមុននោះទេ នៅអំឡុងពេលមានមេរោគ រាតត្បាតកូវីដ-១៩នេះ ដោយភ្ញៀវធ្លាប់ទទួលបាន១០០% បានធ្លាក់ចុះ និងមានមកនៅត្រឹមតែ២០% ប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា តាមទិន្នន័យដែលបង្ហាញដោយ Market Insider បានឲ្យដឹងថា គិតតាំងពីដើមឆ្នាំ២០២០ មកទល់ថ្ងៃនេះ តម្លៃមាសមានការធ្លាក់ចុះខ្លាំងបំផុតនោះ គឺនៅពាក់កណ្ដាលខែមិថុនា ហើយតាំងពីនោះមក វាបានងើបឡើងវិញក្រឺតៗជាលំដាប់។
បើយើងក្រឡេកទៅមើលទីផ្សារតម្លៃមាសនៅវៀតណាម និងថៃវិញ សុទ្ធតែបានបង្ហាញពីការកើនឡើងខ្ពស់ដូចគ្នាដែរ ដោយទីផ្សារមាសនៅប្រទេសជិតខាងកម្ពុជាទាំងពីរ បានកើនឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៩ឆ្នាំមកនេះ។
តម្លៃមាសលក់ចេញនៅវៀតណាមកាលពីថ្ងៃអង្គារម្សិលមិញ មាន ២.២១៣ ដុល្លារអាមេរិក ក្នុងមួយតម្លឹង កើនឡើងជិត១% ធៀបនឹងថ្ងៃចន្ទ។ រីឯតម្លៃមាសនៅថៃវិញ កាលពីថ្ងៃអង្គារដូចគ្នានេះដែរ បានកើនឡើងដល់ ២.១៨៩ ដុល្លារក្នុងមួយតម្លឹង៕
អត្ថបទ៖ ចាន់ ភារម្យ