ថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥
ក្នុងរយៈពេល ១ឆ្នាំពេញ គិតចាប់ពីដើមខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ដំណាច់ខែតុលា ឆ្នាំ ២០២៣នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបាន ៣៥លានដុល្លារអាមេរិក ដោយមានយានយន្តប្រមាណ ៤លាន ៧សែនគ្រឿងធ្វើដំណើរលើផ្លូវនេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ប្រភពដដែល បានគូសបញ្ជាក់ថា ចាប់តាំងពីបើកឱ្យដំណើរការផ្លូវល្បឿនលឿនមួយខ្សែនេះ រយៈពេល ១ឆ្នាំ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួនជិត ៤លាន ៧សែនដង រកប្រមូលចំណូលបានសរុប ៣៥លានដុល្លារអាមេរិក។
ដោយមានការសម្របសម្រួលពី រាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រុមហ៊ុនផ្លូវល្បឿនលឿន បានសម្រេចបន្តរក្សា តម្លៃដដែល ពោលគឺ បញ្ចុះតម្លៃ ២០% ក្នុងរយៈពេលពេញ ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
ជាមួយគ្នានេះ ចំពោះអ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុន នឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ ២០%) សម្រាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកផ្លូវល្បឿនលឿននេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ ជាពិសេស ជួយជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយខេត្តនេះឱ្យទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ជាមួយគ្នានេះ សម្តេចក៏បានលើកទឹកចិត្ដ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ អាចទៅដាក់ពាក្យធ្វើកាតប្រើប្រាស់ឧបករណ៍ ETC ប្រព័ន្ធអេឡិចត្រូនិក ដើម្បីងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំពេលមកដល់កន្លែងច្រកគិតលុយ ដោយមិនខាតពេលវេលា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការកសាងផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុនេះ ប្រើថវិកា BOT វិនិយោគដោយក្រុមហ៊ុនចិន និងរាជរដ្ឋាភិបាលកម្ពុជា ដែលចំណាយថវិកាសរុប ជាង ២ពាន់លានដុល្លារ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ។សូមជម្រាបថា ផ្លូវល្បឿនលឿនជាង ១៨៧គីឡូម៉ែត្រពីភ្នំពេញទៅក្រុងព្រះសីហនុ មានតម្លៃជាង ២ពាន់លានដុល្លារ ដែលបានវិនិយោគដោយ ក្រុមហ៊ុនមកពីប្រទេសចិន តភ្ជាប់ទីក្រុងភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅរបស់ក្រុងព្រះសីហនុ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ