ថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥
នៅសប្តាហ៍ទី ១ ខែតុលា តម្លៃប្រេងឆៅសកល បានកើនឡើងប្រមាណ ១,៥% បន្ទាប់ពីអង្គការនៃប្រទេសនាំចេញប្រេង OPEC+ សម្រេចដំឡើងទិន្នផលប្រេងឡើងវិញទាបជាងការរំពឹងទុក សម្រាប់ខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
នៅលើទីផ្សារប្រេងសកល ក្នុងសប្តាហ៍ទី ១ ខែតុលា នេះ តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៦៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល កើនឡើងប្រមាណ ១,៤% ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅចន្លោះ ៦១ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានការកើនឡើងប្រមាណ ១,៥% នៅក្នុងការជួញដូរចុងក្រោយ។
អ្នកវិភាគឯករាជ្យ បានលើកឡើងថា ការកើនឡើងតម្លៃប្រេង ត្រូវបានជំរុញជាចម្បងដោយ ការសម្រេចចិត្តរបស់ OPEC+ សម្រាប់ការដំឡើងផលិតកម្មទាបជាងការរំពឹងទុកនៅខែវិច្ឆិកា ខណៈដែលក្រុមនេះមានបំណងទប់ស្កាត់ការធ្លាក់ចុះនៃទីផ្សារប្រេង នាពេលថ្មីៗនេះ ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពី កិច្ចប្រជុំនៃប្រទេសសមាជិក រួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម កូវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់។
អ្នកវិភាគ ANZ បានបង្ហាញដែរថា ការសម្រេចចិត្តរបស់អង្គការ OPEC+ ក្នុងការបង្កើនផលិតកម្មដោយ ១៣ម៉ឺនបារ៉ែលក្នុងខែវិច្ឆិកា អាចគ្រប់គ្រងបាន ទោះបីជាមានបញ្ហាប្រឈមនៃ ការរឹតបន្តឹងទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងអឺរ៉ុប ប្រឆាំងនឹងប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ក៏ដោយ។
ទន្ទឹមនឹងនោះ អ៊ុយក្រែន បានបន្តបង្កើនការវាយប្រហាររបស់ខ្លួនលើរោងចក្រថាមពលរុស្ស៊ី ដោយផ្តោតលើរោងចក្រចម្រាញ់ Kirishi ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ី ដែលមានសមត្ថភាពកែច្នៃប្រចាំឆ្នាំលើសពី ២០លានតោន។
គួរជម្រាបថា ទីផ្សារប្រេងឆៅសកល នៅតែមានការប្រុងប្រយ័ត្ន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយធ្វើឱ្យមានតុល្យភាពហានិភ័យនៃការផ្គត់ផ្គង់ ដែលភាគច្រើនកើតឡើងពីការវាយប្រហាររបស់អ៊ុយក្រែនលើ រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ជាមួយនឹងក្តីបារម្ភនៃការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះនៃតម្រូវការ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ