ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥
មហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២៣ បានរៀបចំពិធីបិទយ៉ាងអធិកអធម នៅថ្ងៃទី៣០ ខែតុលា រោងភាពយន្ត Legend Premium Cinema Olympia ក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ របស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈមេប្រយោគ ភ្ញៀវកិត្តិយស ដៃគូសហការផ្សេងៗ សមិទ្ធករភាពយន្ត អ្នកបង្កើតមាតិកាអនឡញ ក៏ដូចជាតួសម្តែងជាច្រើនរូបផងដែរ។
ភាពយន្តខ្លីកម្ពុជាល្អបំផុត បានទៅលើរឿង «គិចម៉េចឡូវ» ដឹកនាំរឿងដោយ ជុង សៀវភីន និង Jeremiah Overman (ជេរេម៉ាស៍ អូវ័រមែន) ទទួលបានទឹកប្រាក់ ៤លានរៀល។
ក្នុងរាត្រីដ៏មានអត្ថន័យនេះ លោក ជុង សៀវភីន ផលិតកររឿង «គិតម៉េចឡូវ» ឬ «NOW WHAT» ដែលបានឈ្នះពានរង្វាន់ធំជាងគេសម្រាប់មហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី១២ បានបង្ហាញអារម្មណ៍រំភើបរីករាយ ព្រោះមិននឹកស្មានថា រឿង «គិតម៉េចឡូវ» អាចជាប់ជាភាពយន្តខ្លីកម្ពុជាល្អបំផុត ក្នុងមហោស្រពឆ្នាំនេះឡើយ។
សមិទ្ធករភាពយន្តរូបនេះឱ្យដឹងបន្តថា នេះជាពានរង្វាន់ដំបូងបង្អស់របស់រឿង «គិតម៉េចឡូវ» ហើយលោកសង្ឃឹមថា តាមរយៈស្នាដៃរឿងខ្លីមួយនេះ នឹងអាចជួយជំរុញ លើកទឹកចិត្តដល់អ្នកស្រលាញ់ភាពយន្តទាំងឡាយ ឱ្យចាប់ផ្តើមបំពេញក្តីស្រម៉ៃរបស់ខ្លួនឯង ហើយក្លាហានហ៊ានធ្វើ ហ៊ានបង្ហាញវាចេញមកតាមរយៈរឿងខ្លី។
សូមបញ្ជាក់ថា រាល់ជយលាភី ក៏ទទួលបានជារង្វាន់បន្ថែមពីហាង Camera Hut គ្រឿងភ្លើងថត Aputure និង AMARAN ផងដែរ។ ក្រៅពីនេះ ដៃគូបច្ចេកទេសទាំងបី នេះក៏បានសហការជាមួយមហោស្រព ក្នុងការរៀបចំវគ្គបណ្តុះបណ្កាល អំពីបច្ចេកទេសប្រើភ្លើក្នុងការថត ដែលដឹកនាំដោយគ្រូបង្វឹកមកពីសិង្ហបុរី ឈ្មោះ Richard CHEN បានរយៈពេល២ថ្ងៃប្រកបដោយផ្លែផ្កា ដល់សិក្ខាកាម ជាសមិទ្ធករភាពយន្តឯករាជ្យ និងតាមក្រុមហ៊ុននានាផងដែរចំនួន៣០រូប។
ឆ្លៀតឱកាសនេះ អ្នករៀបចំកម្មវិធីមហាស្រពភាពយន្តខ្លីចតុមុខ លើកទី១២នេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់បណ្តាដៃគូទាំងអស់ និងសាធារណជន ដែលបានគាំទ្រពួកយើង ដែលធ្វើឱ្យព្រឹត្តិការណ៍មួយនេះ ក្លាយជាវេទិកាមួយដែលជួយលើកទឹកចិត្តដល់ផលិតករ សមិទ្ធករជំនាន់ក្រោយ និងជួយជម្រុញឱ្យ ភាពយន្តខ្មែរ មានសន្ទុះ កើនឡើង និងការគាំទ្រកាន់តែខ្លាំងពីមហាជន៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច