ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥
«វិញ្ញាណស្នេហ៍ជ្រែកភព» ជាវណ្ណកម្មភាពយន្តភាគថ្មីមួយទៀតរបស់ផលិតកម្ម CUPID បានធ្វើពិធីក្រុងពាលីព្រឹកថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២៣ ហើយក៏ត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិននាពេលឆាប់ៗខាងមុខនេះក្រោយបញ្ចប់ការថត។ផលិតកម្ម CUPID បានរៀបចំពិធីក្រុងពាលីចេញថតរឿងភាគថ្មី «វិញ្ញាណស្នេហ៍ជ្រែកភព» យ៉ាងធំដុំ ដោយមានការចូលរួមពីតារាសម្តែងប្រុសស្រីជាច្រើនរូប ដែលជាតួអង្គត្រូវសម្តែងក្នុងរឿងភាគថ្មីនេះ។
កញ្ញា ហ៊ុន ឆេងវិ អ្នកនិពន្ធរឿង «វិញ្ញាណស្នេហ៍ជ្រែកភព» បានឱ្យដឹងថា រឿងភាគថ្មីនេះជារឿងបែបប្រឌិតលក្ខណៈកំប្លុកកំប្លែង លាយឡំភាពភ័យរន្ធត់ ពញ្ញាក់អារម្មណ៍ពីវិញ្ញាណខ្មោច។ រឿងនេះប្រៀបដូចជារសជាតិថ្មីមួយទៀតសម្រាប់ទស្សនិកជនអ្នកនិយមទស្សនារឿងភាគខ្មែរភីអិនអិន ព្រោះវានឹងបង្ហាញពីជម្លោះដណ្តើមទ្រព្យគ្នារវាងមនុស្ស និងខ្មោច ហើយក្នុងនោះក៏សេចក្តីស្នេហាបែបអភិនិហាកើតឡើងរវាងមនុស្សនិងខ្មោចផងដែរ។
អ្នកនិពន្ធរូបនេះជឿជាក់ថា សាច់រឿងថ្មីប្លែកនេះនឹងត្រូវចិត្តទស្សនិកជន ព្រោះកញ្ញាបានដាក់កម្លាំងកាយចិត្តច្រើនណាស់ក្នុងការតែងនិពន្ធរឿងនិមួយៗ ដូច្នេះសង្ឃឹមថា ពុកម៉ែបងប្អូននឹងបន្តគាំទ្រស្នាដៃការផលិតរឿងរបស់ខ្មែរយើង។ក្រឡេកទៅមើលតារាសម្តែងរូបសង្ហា ប៊ីរី និងស្រីស្អាត ជីហ៊្ស័ង ដែលជាតួឯកប្រុសស្រីក្នុងរឿងភាគថ្មីនេះ ក៏បានបង្ហាញអារម្មណ៍រំភើបរីករាយដែលផលិតកម្មសម្រេចជ្រើសយកអ្នកទាំងពីរជាតួឯកប្រុសស្រីក្នុងរឿងនេះ។
តារាសម្តែងវ័យក្មេង ជីហ៊្ស័ង ថា នេះជាលើកដំបូងដែលនាងមានឱកាសសម្តែងប៉ះរៀមច្បង ប៊ីរី ជាតារាសម្តែងម្នាក់ពោរពេញដោយបទពិសោធន៍។ ក្នុងរឿងនេះ ប៊ឹរី ដើរតួជាមនុស្សម្នាក់ដែលខ្លាចខ្មោចខ្លាំង ខណៈដែលតួឯកស្រីគឺជាខ្មោចតែម្តង។តួឯកប្រុសស្រីគូរនេះ សុំមិនទាន់ទម្លាយសាច់រឿងច្រើនឡើយ ប្រាប់តែថា សេចក្តីស្នេហារបស់អ្នកទាំងពីរ គឺវារៀងចម្លែក ព្រោះម្នាក់ជាមនុស្សម្នាក់ទៀតជាខ្មោច ដូច្នេះចង់ដឹងថា រឿងនេះល្អមើលកម្រិតណានោះកុំភ្លេចរង់ចាំទស្សនារឿងភាគថ្មីនេះលើកញ្ចក់ទូរទស្សន៍ភីអិនអិនទាំងអស់គ្នា។
ក្នុងនោះផងដែរ លោក សិត្ថាវីរះ សុភារ៉ា ផលិតករវ័យក្មេងរបស់ផលិតកម្ម CUPID បានលើកឡើងថា តាំងពីដើមរហូតមកទល់ពេលនេះ CUPID នៅតែផ្តោតសំខាន់ខ្លាំងលើគុណភាពបច្ចេកទេស ប្លង់ថត និងសាច់រឿង។ ពីមួយរឿងទៅមួយរឿង ផលិតកម្មតែងរិះរកគំនិតច្នៃប្រឌិតថ្មីៗមកដាក់បញ្ចូលក្នុងឆ្អឹងរឿង ដើម្បីឱ្យសាច់រឿងផលិតចេញមកត្រូវតាមតម្រូវការរបស់ទស្សនិកជនក្នុងយុគសម័យទំនើប ព្រោះផលិតកម្មប្រកាន់យកពាក្យថា ភាពដដែលៗជាសត្រូវរបស់វិស័យសិល្បៈ ដូចនេះយើងត្រូវតែបន្តបង្កើតអ្វីថ្មីប្លែកៗមកបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន តែទន្ទឹមនោះក៏មានក្តីបារម្ភខ្លាំងដូចគ្នា។
ជាក់ស្តែង នៅពេលដែលរឿងយើងផ្ទុះការគាំទ្រខ្លាំង គឺយើងចាំបាច់ត្រូវតែធ្វើអ្វីដែលថ្មីប្លែកជានោះទៅទៀត មិនអាចដើរថយក្រោយវិញទេ។ តួយ៉ាង ដូចរឿងភាគថ្មី «វិញ្ញាណស្នេហ៍ជ្រែកភព» ជាដើម វាជាសាច់រឿងថ្មីប្លែក ហើយអាចនិយាយថា ជារសជាតិថ្មីមួយទៀតដែលនិយាយជម្លោះដណ្តើមទ្រព្យ និងសេចក្តីស្នេហាឆ្លងភពរវាងខ្មោច និងមនុស្ស។
ក្នុងនាមជាផលិតកម្មក្នុងស្រុក CUPID បានបណ្តុះបណ្តាលធនធានមនុស្សតាំងពីជាង១០ឆ្នាំមុន ឥឡូវដល់ពេលដែលធនធានទាំងនោះចេញមកបញ្ចេញសមត្ថភាពបម្រើវិស័យភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើនហើយ។ CUPID ចង់ឱ្យពុកម៉ែបងប្អូនស្គាល់ពីគុណភាពរបស់ផលិតកម្ម ដើម្បីគ្រាន់តែឮឈ្មោះ គឺដឹងតែទន្ទឹងរង់ចាំមើលរឿងតែងម្តង។
សូមជម្រាបថា ភាពយន្តភាគ រឿង «វិញ្ញាណស្នេហ៍ជ្រែកភព» របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ជាសាច់រឿងរសជាតិថ្មី ក្រោមការវិនិយោគក្នុងបច្ចេកទេស visual effect រឺហៅខ្លីថា (VFX & SFX) និងជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធរឿង ប្រហុកស្រែស្នេហ៍ខ្ញុំ ដោយរឿងនេះក្រុមការងារផលិតរបស់ភីអិនអិន បានចំណាយជាង ១ឆ្នាំ ក្នុងការធ្វើការយ៉ាងលំអិតលើឆ្អឹងរឿង រួមទាំង graphic & visual effect ដើម្បីឱ្យរឿងនេះចេញមកល្អ។ រឿងភាគថ្មីនេះចាប់ផ្តើមបើកកាមេរ៉ាចេញថតពីខែកញ្ញា ២០២៣ នេះហើយ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា!៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច