ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥

៥ ចំណុច ដើម្បីសុវត្ថិភាព ពេលបង្ហោះសារលើបណ្តាញអ៊ីនធឺណេត

១១ សីហា ២០២៣ | ព័ត៌មានជាតិ



ការប្រើអ៊ីនធឺណេត នាំមកនូវអត្ថប្រយោជន៍ជាច្រើន ឥតដែនកំណត់។ ប៉ុន្តែក៏អាចប្រឈមនឹង ហានិភ័យមួយចំនួនផងដែរ។ ហេតុនេះ អង្គការយូនីសេហ្វ បានផ្តល់គន្លឹះ ៥ចំណុច ក្នុងការប្រើប្រាស់អ៊ីនធឺណិត។


១. គិត ឬ ពិចារណាជាមុនសិន មុននឹងបង្ហោះអ្វីមួយ គឺត្រូវចំណាយពេលយ៉ាងហោចណាស់មួយនាទី គិតអំពីមនុស្សដែលអាចឃើញព័ត៌មានដែលលោកអ្នកនឹងបង្ហោះ ។ ចូរសួរខ្លួនឯងថា តើមានអារម្មណ៍បែបណា ក្នុងការចែករំលែកព័ត៌មានផ្ទាល់ខ្លួន ជាមួយមនុស្សមិនដែលស្គាល់ទាល់តែសោះ ។ ចូរចងថា នៅពេលបង្ហោះអ្វីមួយចេញទៅ លោកអ្នកមានលទ្ធភាពតិចតួចបំផុតក្នុងការគ្រប់គ្រងលើអ្វីដែលអ្នកផ្សេងយកព័ត៌មាននោះទៅប្រើប្រាស់។


២. រក្សា ឯកជនភាព ការបញ្ចូលទន្នន័យផ្ទាល់ខ្លួន គឺជាភាពចាំបាច់មួយក្នុងការចុះឈ្មោះគណនីអនឡាញ ប៉ុន្តែ ក៏ត្រូវបដិសេធមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនដូចជា អាស័យដ្ឋាន លេខទូរស័ព្ទ ឬព័ត៌មានផ្ទាល់ខ្លួនជាមួយអ្នកប្រើប្រាស់អ៊ីនធឺណិត ដទៃទៀត។ ត្រូវកំណត់ឯកជនភាព ដោយដំណើរការមុខងារឯកជនភាព នៅលើគណនីទាំងអស់។ តាមរយៈវិធីនេះ វាអាចកំណត់ថាអ្នកណាខ្លះអាចមើលឃើញប្រវត្តិរូប និងខ្លឹមសារដែលអ្នកបង្ហោះ។

 

 

៣. គ្រោះថ្នាក់បង្កដោយមនុស្សដែលយើមិនស្គាល់ ។ ចំពោះករណីនេះ មុនពេលយល់ព្រមទទួលយកនរណាម្នាក់ជាមិត្ត ឬឆ្លើយតបសាររបស់គេ ត្រូវគិតម្តងហើយម្តងទៀតថា ពិតជាចង់អនុញ្ញាតឱ្យមនុស្សនេះដឹងពីជីវិតរបស់ខ្លួនមែនឬយ៉ាងណា ។ ចូរចងចាំថា គេនឹងអាចមើលឃើញអ្វីៗទាំងអស់ដែលអ្នកបង្ហោះ និងព័ត៌មានលម្អិតជាច្រើនអំពីជីវិតរបស់លោកអ្នក។ នៅលើប្រព័ន្ធអ៊ីនធឺណេត មនុស្សខ្លះមិនបង្ហាញពីការពិតរបស់គេទេ។ ចំពោះកុមារ និងយុវជនប្រសិនបើនរណាម្នាក់ដែលមិនស្គាល់នៅសាលារៀន ឬសហគមន៍របស់អ្នក សុំជួបដោយផ្ទាល់ ត្រូវប្រាប់ទៅឪពុកម្តាយ ឬមនុស្សពេញវ័យដែលអ្នកទុកចិត្តបំផុត។ ការជួបមនុស្សដែលអ្នកស្គាល់លើប្រព័ន្ធអ៊ីនធឺណេតក្នុងជីវិតពិត អាចមានគ្រោះថ្នាក់ខ្លាំងណាស់។

 


៤. បញ្ឈប់ការរករឿងឈ្លោះ ឬធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណិត ដែលហៅថា Cyberbullying សំដៅលើការបង្ហោះ ឬផ្ញើសារ រូបភាព ឬវីដេអូដោយមានបំណងធ្វើឱ្យអ្នកណាម្នាក់ខ្មាសអៀន គំរាមកំហែង ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីមនុស្សម្នាក់ តាមរយៈវេទិកាឌីជីថលផ្សេងៗដូចជាបណ្តាញសង្គម កម្មវិធីជជែក គឺ chatroom ប្លុក ការផ្ញើសារខ្លីៗ និងការផ្ញើសារជាអក្សរ។ ជនរងគ្រោះដោយសារការរករឿងឈ្លោះ ឬធ្វើបាបលើប្រព័ន្ធអ៊ីនធឺណេត រមែងមានអារម្ម៍បាត់តម្លៃខ្លួនឯង មានបញ្ហាសុខភាពផ្លូវចិត្ត និងស្ថានភាពនាំទៅរកការធ្វើអត្តឃាត។ 

 


៥. រាយការណ៍សកម្មភាពដែលគួរឱ្យសង្ស័យ ។ ជាពិសេសចំពោះកុមារ ឬ យុវជន ប្រសិនបើមានអារម្មណ៍ថាគ្មានសុវត្ថិភាព នៅពេលប្រើអ៊ិនធឺណេត ត្រូវបិទគេហទំព័រនោះភ្លាម ហើយនិយាយទៅកាន់មនុស្សពេញវ័យដែលអាចទុកចិត្តបាន។ ចូររួមគ្នាចាត់វិធានការ ដើម្បីកុំឱ្យជួបរឿងទាំងនេះ ដោយរាយការណ៍អំពីមនុស្សនោះ ឬគេហទំព័រនោះ។ ប្រសិនបើមានមនុស្សណាម្នាក់គំរាមកំហែង អ្នកអាចប្លក់ ម្នាក់នោះបាន។ ការធ្វើបែបនេះ គឺមិនអាចឱ្យគេមើលព័ត៌មានផ្ទាល់ខ្លួន  ឬផ្ញើសារជាលក្ខណៈឯកជនមកអ្នកបានទៀតឡើយ៕

 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឯកសារ 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025