ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

ការកែច្នៃផ្កាសិប្បនិមិ្មតធ្វើពីសំបកពោត ជាផលិតផលក្នុងស្រុកកំពុងមានទីផ្សារល្អនិងរកចំណូលបានខ្ពស់

០៤ សីហា ២០២៣ | សេដ្ឋកិច្ច

 

យុវជន១រូប មានគំនិតច្នៃប្រឌិតច្នៃផ្កាសិប្បនិមិ្មតធ្វើពីសំបកពោត តែបើនិយាយពីសំបកពោតពុំមានតម្លៃអ្វីឡើយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ គឺជាការចូលរួមក្នុងការថែរក្សាបរិស្ថាន កាត់បន្ថយសំរាម ច្នៃសំបកពោតដែលគេបោះបង់ចោលទៅជាផ្កាដ៏ស្រស់ស្អាត មានភាពទាក់ទាញសម្រាប់ប្រជាជន និងអាចលក់បានក្នុងតម្លៃល្អថែមទៀតផង។សំបកពោត ជាសំណល់ដែលគេបោះចោល ឬបងប្អូនកសិករតែងតែយកទៅឱ្យគោស៊ីតែប៉ុណ្ណោះ ដោយឡែកហាងផ្កាមួយកន្លែងបានកែច្នៃសំបកពោតចេញជាផ្កាយ៉ាងស្រស់ស្អាត មានទីផ្សារល្អ មានតម្លៃក្លាយជាអំណោយដ៏មានអត្ថន័យសម្រាប់កម្មវិធីតូចធំ និងកំពុងតែមានប្រជាប្រិយភាពគ្រាំទ្រខ្លាំងពីសំណាក់អតិថិជន។

 

 

ផ្កាសំបកពោតមានអតិថិជនគ្រប់វ័យ ជាពិសេសអតិថិជនវ័យកណ្ដាលដែលពួកគាត់និយមគាំទ្រផលិតផលក្នុងស្រុក ជាផ្កាបរិស្ថានដែលច្នៃចេញពីសំបកពោតនេះតែម្ដង និងអាចលក់បានក្នុងតម្លៃល្អថែមទៀតផង។លោក វង្ស ហិរញ្ញនិយុទ្ធ ជាសហស្ថាបនិកផ្ទះផ្កាខ្មែរ បានឲ្យភីអិនអិនដឹងថា ហាងនេះបង្កើតដំបូងនៅឆ្នាំ២០២១ គឺចាប់ផ្ដើមពីទុនតិចតួចប្រមាណ ១០-២០ ម៉ឺនរៀល មកដល់សព្វថ្ងៃនេះ ផ្ទះផ្កាខ្មែរដំណើរការបានរយះពេល ២ឆ្នាំហើយ ជាយីហោហាងលក់ផ្កាមួយកន្លែងនៅម្តុំបឹកកេងកង៣ រាជធានីភ្នំពេញ។ផ្កាដែលច្នៃពីសំបកពោតដោយផ្ទាល់ដៃទៅជាផ្កាច្រើនប្រភេទ ចម្រុះពណ៌ រាងរូវស្អាតមិនចាញ់ផ្កាស្រស់ ថែមទាំងមានអត្ថន័យ និងអាចរក្សាទុកបានយូរដោយមិនបារម្ភខ្លាចស្រពោនស្វិតដូចផ្កាស្រស់នោះទេ។

 

 

 

ថ្វីបើអាជីវកម្មរបស់លោកដែលកែច្នៃផលិតផ្កាពីសម្បកពោត ពីស្លឹកត្នោតនៅមិនទាន់ពង្រីកធំ តែលោកយល់ថា បានជួយដល់បរិស្ថានសង្គមក្នុងចំណែក១ជ្រុងតូចដែរ ចំពោះកាកសំណល់ដែលអាចក្លាយជាសំរាម លោកបានជ្រើសរើសយកមកកែច្នៃឱ្យទៅជាវត្ថុមានដែលតម្លៃ និងជាគ្រឿងតាំងលម្អផ្ទះក៏ដូចជាគ្រឿងលម្អនៅក្នុងពិធីផ្សេងៗបានយ៉ាងល្អប្រណីត។ លោកបន្តថា សំបកពោតដែលគេបោះចោលគឺលោកបានស្នើរសុំពីម្ចាស់ចំការដែលគេដាំពោត ដោយយកតែសំបកពោតណាដែលស្អាតៗដឹកពីខេត្តកំពង់ចាម យកទៅដាក់ឲ្យអ្នកភូមិចំនួន១៥គ្រួសារនៅខេត្តតាកែវធ្វើបន្ត ទើបផលសម្រេចនាំយកពីខេត្តតាកែវមកលក់នៅទីក្រុងភ្នំពេញវិញ។

 

 

ដោយក្នុង១ខែលោកត្រូវការសំបកពោត៥០ប៉ាវទៅ១០០ប៉ាវក្នុង១ប៉ាវមានសំបកពោត១០ទៅ២០គីឡូ។លោកបន្ថែមថា ចំណុចពិសេសរបស់ផ្កាពោតនេះគឺជាផ្កាដែលយើងច្នៃដោយដៃផ្ទាល់ ហើយវត្ថុធាតុដើមជាកាកសំណល់ ដោយសារយើងយកផ្កាក្រៀមដែលគេបោះចោល សម្បកពោត ផ្កាពោត ស្លឹកចាក ស្លឹកត្នោតនិងស្មៅ តែជាប្រភេទស្មៅណាដែលសំដិលវាឱ្យស្ងួតតែវាមិនរុះរោយនៅតែរក្សាទម្រង់ដើមមករៀបផ្គុំជាបាច់ផ្កា កន្ត្រកផ្កា ថូផ្កា ក៏ដូចជាប្រអប់កាដូអនុស្សាវរីយ៍ផ្សេងៗ។

 

 

ដោយឡែកសម្រាប់តម្លៃរបស់ផ្កាច្នៃពីសំបកពោតនេះមានចាប់ពី ១ថូឬ១កន្ត្រក១៥ដុល្លារ ពោលគឺអាស្រ័យទៅលើម៉ូដផ្កានីមួយៗ។ ចំពោះបញ្ហាប្រឈមដែលគេជួបប្រទះធំជាងគេនោះគឺ ការផលិត ដោយសារការធ្វើផ្កាមួយទងៗត្រូវការការផ្ចិតផ្ចង់ នៅរដូវភ្លៀងក៏អាចជាបញ្ហាចោទផងដែរ ដោយសារសំបកពោតត្រូវការហាលថ្ងៃ ប្រសិនជាមានភ្លៀងសំបកពោតសើមនោះវាអាចនឹងដុះផ្សិតខូចពុំអាចផលិតបានឡើយ។

 

 

គួរឱ្យសរសើរខ្លាំងមែនទែន យុវជនខ្មែរអាចកែច្នៃឬស្សី និងសំបកពោតធ្វើជាផ្កា ផ្កាស្មៅ ផ្កាពោត សំបកឈូកជាដើម អាចទាញចំណូលក្នុង១ខែ ១ម៉ឺនដុល្លាជាង ជាពិសេសថែមទាំងបានបង្កើតឱកាសការងារជួយទៅដល់អ្នកភូមិជាកសិករនៅខេត្តតាកែវ១៥គ្រួសារ ដែលធ្វើឲ្យពួកគាត់មានចំណូលបន្ថែមក្រៅពីការងារជាកសិករ។ម្ចាស់សិប្បកម្មផ្ទះផ្កាខ្មែរ បានបន្តថា សំបកពោតដែលជាវត្ថុធាតុដើម មុននឹងយកសំបកពោតនេះច្នៃចេញជាផ្កាលោកបានឱ្យអ្នកភូមិជួយសម្អាតសំបកពោត ក៏ដូចហាលថ្ងៃឱ្យបានស្ងួតល្អដើម្បីងាយស្រួលយកមកបត់ចេញជាផ្កា។ សំបកពោតស្ងួតអាចបត់ជាផ្កាកុលាប ផ្លាលីលី ផ្កាអ័រគីដេ ផ្កាឈូករ័ត្ន និងផ្កាទុយលីបជាដើម។

 


លោក តែ រ៉ុមមុន្នី អតិថិជនទិញផ្កាសំបកពោត បានលើកឡើងថា គាត់ស្គាល់ហាងនេះតាមរយះបណ្តាញសង្គម រីឯចំណាប់អារម្មណ៍របស់លោកពេញចិត្ត ពេលបានឃើញកម្ពុជា អាចផលិតផ្កាពីសំបកពោតធ្វើដោយដៃផ្ទាល់គាត់គាំទ្រផលិតផលដែលធ្វើនៅក្នុងស្រុក អាចជំនួសផ្កាស្រស់ ឬផ្កានាំចូល តែគុណភាពអាចរក្សាទុកបានយូរឆ្នាំថែមទៀតផង។សព្វថ្ងៃនេះ ប្រជាពលរដ្ឋ ឬបងប្អូនខ្មែរយើងបានយល់ដឹងច្រើនក៏ដូចជាគាំទ្រនូវផលិតផលក្នុងស្រុកធ្វើដោយដៃ ជាពិសេសគឺជាផលិតផលបរិស្ថានច្នៃចេញពីសំណល់ សំរាម ដែលអាចរក្សាទុកបានយូរ និងស្រស់ស្អាតមិនចាញ់ផ្កានាំចូល ឬផ្កាប្លាស្ទិកនោះទេ៕
 

 

 

 

អត្ថបទ: ថុន សុកេតុមាលា រូបភាព: អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025