ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥

កូនកាត់ខ្មែរ-អាល្លឺម៉ង់វ័យក្មេង មីន ឈើរី សុខចិត្តបោះបង់ឱកាសដណ្តើមមកុដ Little Miss Cambodia 2023 ដើម្បីទៅដើរម៉ូដនៅ វៀតណាម

២៧ កក្កដា ២០២៣ | កម្សាន្ដ

 

 

ពិតជាគួរឱ្យសោកស្តាយដែលកូនកាត់ខ្មែរ-អាល្លឺម៉ង់ មីន ឈើរី បានសម្រេចចិត្តដកពាក្យប្រកួត Little Miss Cambodia 2023 ទាំងកណ្តាលទី ធ្វើឱ្យនាងខកឱកាសណ្តើមមកុដកម្មវិធីបវរកញ្ញានេះ ដោយសារនាងទទួលបានការអញ្ជើញឱ្យដើរម៉ូដ Vietnam International Junior Fashion Week នៅប្រទេសវៀតណាម។កូនកាត់ខ្មែរ-អាល្លឺម៉ង់ វ័យ៩ឆ្នាំ មីន ឈើរី បានសម្រេចចិត្តបោះបង់ឱកាសដណ្តើមមកុដកម្មវិធី Miss Preteen International Cambodia ក្នុង Title «Little Miss Cambodia 2023» ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រារព្ធឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

 

 

តាមដែលដឹងមក ការដែល ឈើរី សម្រេចចិត្តបញ្ចប់ការប្រកួត Little Miss Cambodia 2023 ទាំងកណ្តាលទីបែបនេះ គឺដោយសារនាងទទួលបានការអញ្ជើញឱ្យដើរម៉ូដនៅប្រទេសវៀតណាម ក្នុងកម្មវិធី Fashion show ដ៏ធំមួយឈ្មោះថា Vietnam International Junior Fashion Week តាមរយៈអ្នកច្នៃម៉ូដនិងជាគ្រូបង្រៀនដើរ Catwalk ដ៏ល្បីល្បាញ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់។ 

 

 

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Saren Niki ជាអ្នកម្តាយរបស់ កុមារី មីន ឈើរី បានឱ្យដឹងថា «អូនឈើរីធ្លាប់មានក្តីស្រម៉ៃថាថ្ងៃណាមួយអូននឹងបានឈរលើឆាកអន្តរជាតិលំដាប់ពីភពលោក ឥឡូវឱកាសល្អមកដល់ហើយ អូនសង្ឃឹមថាអ៊ុំពូមីងយាយតានៅតែស្រឡាញ់គាំទ្រអូន»។ ការរៀបរាប់ខាងលើនេះបញ្ជាក់ឱ្យដឹងច្បាស់ថា ដើម្បីបំពេញក្តីស្រម៉ៃដើរលើឆាកអន្តរជាតិ ទើបកូនកាត់ខ្មែរ-អាល្លឺម៉ង់នេះសម្រេចចិត្តសុខចិត្តបោះបង់ឱកាសដណ្តើមមកុដ Little Miss Cambodia 2023 ទៅដើរម៉ូដនៅវៀតណាម។

 

 

គួររំលឹកផងដែរថា កូនកាត់ខ្មែរ-អាល្លឺម៉ង់ មីន ឈើរី ជាបេក្ខភាពលេចធ្លោម្នាក់ក្នុងការប្រកួត Little Miss Cambodia 2023 តាំងពីវគ្គដំបូងរហូតដល់ការប្រកួតវគ្គ The Preliminary Show ប៉ុន្តែគួរឱ្យសោកស្តាយដែលនាងបានបន្តប្រកួតវគ្គផ្តាច់ព្រ័ត្របាន។ ក្រៅពីការដើរបង្ហាញម៉ូដ និងប្រកួតបវរកញ្ញា ឈើរី ក៏មានសមត្ថភាពសម្តែង និងរាំ-ច្រៀងបានយ៉ាងល្អផងដែរ។ 

 

 

ដោយសមត្ថភាព ភាពវ័យឆ្លាត និងដុងសិល្បៈពីកំណើត រួមទាំងទ្រេមុខកូនកាត់ផងនោះ ធ្វើឱ្យ ឈើរី ទទួលបានការងារសិល្បៈច្រើនជាហូរហែរទាំងវ័យក្មេង ដូចជា ការថតភាពយន្ត ថតស៉្បតពាណិជ្ជកម្ម និងការងារសិល្បៈមួយចំនួនទៀត។ ពេលទំនេរ កុមារីរូបនេះឆ្លៀតពេលហាត់រៀនដើរបង្ហាញម៉ូដ និងរៀនរាំ ប៉ុន្តែយ៉ាងណា ក្មេងស្រីដ៏ក្លាហាននេះមិនបោះបង់ការសិក្សាឡើយ ដោយសព្វថ្ងៃនាងជាសិស្សថ្នាក់ទី៤ នៅសាសា Western International School។ 

 

 

អាយុទើប៩ឆ្នាំ ឈើរី និយាយភាសាអង់គ្លេសបានយ៉ាងល្អ ដោយនាងបានធ្វើការណែនាំខ្លួន ជាមួយគោលជំហរយ៉ាងមុតមុំ ប្រកបដោយភាពជឿជាក់។ យ៉ាងណា គេជឿជាក់ថា កុមារីឆ្លាតវ័យនេះនឹងត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀតនៅឱកាសក្រោយ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច  និង ហ្វេសប៊ុក

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025