ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ធ្លាប់តែឃើញរាំរបាំបុរាណ និងសម្តែងសិល្បៈទម្រង់បុរាណ ស្រាប់តែថ្មីៗនេះ Kon Ant បែរជាលេចមុខដើរបង្ហាញម៉ូដឱ្យម៉ាក់ប្រ៊េន KALKIN SPRING/ SUMMER COLLECTION 2023 របស់អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ដោយនាងត្រូវធ្វើបានល្អខ្លាំងណាស់សម្រាប់ការដើរម៉ូដនេះ រហូតអ្នកចូលរួមស្ងើចសរសើរសមត្ថភាពគ្រប់ៗគ្នា។
តារាស្រីកំពុងមានប្រជាប្រិយភាព និងជានាថការនីរបាំបុរាណ កញ្ញា សុគា គីមលាង ហៅ Kon Ant បានសាងភាពភ្ញាក់ផ្អើលដល់ហ្វេនជាខ្លាំង ក្រោយនាងលេចវត្តមានដើរបង្ហាញម៉ូដឱ្យម៉ាក់ប្រ៊េន KALKIN SPRING/ SUMMER COLLECTION 2023 | THE ROYALTY របស់អ្នកច្នៃម៉ូដ អូលីវ៉ា គង់ កាលពីចុងសប្តាហ៍កន្លងទៅ។
ប្រាប់ឱ្យភីអិនអិនដឹង Kon Ant ថា នាងរំភើបណាស់ដែលមានឱកាសបានចូលរួមដើរបង្ហាញម៉ូដកម្មវិធីធំបែបនេះ ហើយនេះក៏ជាលើកទី១សម្រាប់នាងដែរ។មែនទែនទៅ Kon Ant មិនធ្លាប់ហាត់រៀនដើរបង្ហាញម៉ូដពីមុនមកទេ តែដោយសារនាងជានាថការនីរបាំបុរាណ ដូច្នេះ នាងមានគ្រឹះលើការដើរស្រាប់ហើយ ទើបនាងមានទំនុកចិត្តខ្ពស់ថាខ្លួនឯងអាចដើរម៉ូដបានល្អ ទោះមិនដូចអ្នកអាជីពក៏ពិតមែនតែក៏អាចប្រហាក់ប្រហែលគ្នា។
យ៉ាងណាមិញ តារាស្រីរូបស្រស់នេះថានាងក៏មានគម្រោងទៅហាត់រៀនបន្ថែមផងដែរ តែដោយសាររវល់ការងារផ្ទាល់ខ្លួនច្រើនដកឃ្លាមិនរួច ទើបនាងត្រូវពន្យាពេលសិន។ទោះបីជាសាមីខ្លួនលើកឡើងបែបនេះក្តី ប៉ុន្តែអ្នកបានចូលរួមទស្សនាការដើរបង្ហាញម៉ូដដោយផ្ទាល់ បានស្ងើចសរសើរសមត្ថភាពរបស់ Kon Ant គ្រប់ៗគ្នា ដោយនាងពិតជាធ្វើបានល្អ មានភាពជឿជាក់លើខ្លួនឯងអំឡុងពេលដើរ មើលទៅមិនភិតភ័យទោះនេះជាការដើរម៉ូដលើកដំបូងក៏ដោយ។
នេះមិនមែនជាលើកទី១ដែល Kon Ant សាងភាពភ្ញាក់ផ្អើលឱ្យគ្រប់គ្នានោះទេ គេនៅចាំបានថា សោភារូបស្រស់នេះបានធ្វើឱ្យគ្រប់គ្នាចំហរមាត់ពេលឃើញនាងសម្តែងជាតួអង្គព្រះថោង ជាមួយតួអង្គនាងនាគ សម្តែងដោយនាថការនី ច័ន្ទ ស្រីល័ក្ខ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។
ក្រោយសម្តែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ Kon Ant មានគេស្គាល់កាន់តែច្រើនឡើង ធ្វើឱ្យកាន់តែមានសន្ទុះក្នុងរង្វង់សិល្បៈ។ឆ្លៀតឱកាសនេះ នាថការនីរបាំបុរាណដ៏ប៉ិនប្រសព្វនេះក៏បានបង្ហាញអារម្មណ៍មោទកភាពដែលមានឱកាសបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) យ៉ាងដូច្នេះថា៖
តាមការបង្ហើបឱ្យដឹង ស្រីស្អាត Kon Ant ក៏ត្រៀមបង្ហាញខ្លួនក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះផងដែរ ចង់ដឹងមានអ្វីប្លែកកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា!
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច