ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ធនាគារជាតិ បន្តអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះ ការឆបោកផ្នែកហិរញ្ញវត្ថុ

២៤ ឧសភា ២០២៣ | សេដ្ឋកិច្ច

 

 

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ធនាគារជាតិ នឹងបន្តជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលមានកិច្ចការពារតាមផ្លូវច្បាប់ និងត្រូវមានការប្រុងប្រយ័ត្នចំពោះការឆបោកផ្នែកហិរញ្ញវត្ថុ និងការដើរប្រមូលប្រាក់ ក្នុងរូបភាពជា ការវិនិយោគលើដីឡូតិ៍ ឬ ការវិនិយោគផ្សេងទៀត ដោយសន្យាផ្តល់ប្រាក់ចំណេញខ្ពស់។

 


ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជូនដល់អាជ្ញាធរមូលដ្ឋាននៅស្រុកព្រះនេត្រព្រះ ក្នុងគោលដៅបន្តអភិវឌ្ឍ វិស័យធនាគារនិងហិរញ្ញវត្ថុ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងពង្រឹងកិច្ចការពារអតិថិជន ដែលប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ។

 


នាឱកាសនោះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ក៏បានជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ត្រូវមានការប្រុងប្រយ័ត្នចំពោះការឆបោកផ្នែកហិរញ្ញវត្ថុ និងការដើរប្រមូលប្រាក់ ក្នុងរូបភាពជា ការវិនិយោគលើដីឡូតិ៍ ឬ ការវិនិយោគផ្សេងទៀត ដោយសន្យាផ្តល់ប្រាក់ចំណេញខ្ពស់។

 


ជាមួយគ្នានេះ ឯកឧត្តម ឧបការីទេសាភិបាល ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមលើកតម្កើង និងប្រើប្រាស់ប្រាក់រៀល និងក្រើនរំលឹកដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហាមដាច់ខាតក្នុងការរក្សាទុកឯកសារយថាភូតច្បាប់ដើមរបស់អតិថិជន និងស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានរាយការណ៍មក ធនាគារជាតិនៃកម្ពុជា ក្នុងករណីបានដឹងថា មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណា នៅតែរក្សាលិខិតយថាភូតច្បាប់ដើមរបស់ប្រជាពលរដ្ឋ។

 


សូមរម្លឹកថា យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ឥណទានដល់វិស័យឯកជនជាង ៥៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៨% ធៀបនឹងចុងត្រីមាសទី ៤ ឆ្នាំ ២០២១៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024