ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤

តារាស្រីវ័យក្មេង សំអុល សុមនា រៀបរាប់ជីវិតដ៏លំបាកត្រូវរ៉ាប់រងបន្ទុកគ្រួសារទាំងវ័យក្មេង

១៥ ឧសភា ២០២៣ | កម្សាន្ដ

 

 

តារាសម្តែងស្រីវ័យក្មេង សំអុល សុមនា រៀបរាប់ឱ្យដឹងពីជីវិតដ៏លំបាកលំបិនដែលត្រូវរាប់រងបន្ទុកគ្រួសារទាំងវ័យក្មេង ក្រោយបាត់បង់ឪពុកជាង៥ឆ្នាំមកនេះ។ គិតមកទល់ពេលនេះរយៈពេលជាង៥ឆ្នាំហើយ ដែលតារាស្រីវ័យក្មេង សំអុល សុមនា បាត់បង់ឪពុកជាទីគោរពស្រលាញ់ ដោយសារជំងឺទឹកនោមប្រៃ និងខូចក្រលៀន។សុមនា បានក្លាយជាគ្រាប់ពេជ្រក្នុងគ្រួសារ និងអ្នកម្តាយ ព្រោះនាងរកចំនូលមកផ្គត់ផ្គង់ជីវភាពគ្រួសារតាំងពីក្មេង តាមរយៈការចេញថតរឿងឱ្យផលិតកម្មធំៗ។

 

 

ប្រាប់ឱ្យដឹងកាលពីពេលថ្មីៗ តារាស្រីវ័យ១៧ឆ្នាំនេះថា ជីវិតគ្មានវត្តមានឪពុករយៈពេលជាង៥ឆ្នាំមកនេះពិតជាលំបាកណាស់ ព្រោះម្តាយជាស្រ្តីមេម៉ាយមានកូនច្រើនក្នុងបន្ទុក និងកំពុងសិក្សារៀនសូត្រគ្រប់ៗគ្នារួមទាំង សមុនា ផងដែរ។ ច្រើនឆ្នាំមកនេះ នាង និងអ្នកម្តាយ តស៊ូកាត់យប់កាត់ថ្ងៃមិនខ្លាចភាពនឿយហត់ ដើម្បីថតរឿងយកប្រាក់ផ្គត់ផ្គង់គ្រួសារដែលខ្វះខាត។

 

 

តារាស្រីប្រឡូកសិល្បៈតាំងពីក្មេងនេះឱ្យដឹងទៀតថា ពេលនេះជីវភាពគ្រួសារនៅមិនទាន់ប្រសើរឡើងនៅឡើយ ព្រោះនាងនិងបងប្អូនសុទ្ធតែនៅរៀន ហើយម្តាយគ្រាន់តែលក់ដូរតិចតួចនៅផ្ទះប៉ុណ្ណោះ ដូច្នេះប្រាក់កាក់ដែលទទួលបានពីការថតជាប្រភពចំនូលដ៏សំខាន់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារទាំងមូល។

 

 

ទោះបីព្រហ្មលិខិតកំណត់ឱ្យ សុមនា ក្លាយជាក្មេងកំព្រាឪពុកតាំងពីក្មេងក៏ពិតមែន តែនាងមិនដែលរុញរា ចុះចាញ់ និងត្អូញត្អែលថាហត់នឿយនោះឡើយ ផ្ទុយទៅវិញនាងមានរឹងប៉ឹងជាជំហរសម្រាប់ក្រុមគ្រួសារទាំងមូល។សុមនា នៅចាំបានសម្តីគ្រប់ម៉ាត់ដែលឪពុកផ្តែផ្តាំនាងមុនពេលលោកលាចាកលោក ហើយពេលនេះនាងសម្រេចបានជិត៨០%ហើយ។

 

 

គួររំលឹកផងដែរថា អ្នកតាមដានខ្សែភាពយន្តខ្មែរកាន់តែច្រើនបានស្គាល់ពីទីផ្សារសិល្បៈរបស់តារាស្រីវ័យក្មេង សំអុល សុមនា ដោយនាងសម្តែងរឿងតាំងពីកុមារីរហូតដល់បច្ចុប្បន្ន។ កាន់តែចម្រើនវ័យ សុមនា កាន់តែមានទីផ្សារ រូបសម្រស់ក៏កាន់តែស្រស់ស្អាតមើលទៅទាក់ទាញខ្លាំង ពិសេស ទ្រេមុខនាងស័ក្កសមតំណែងតួឯកស្រីតែម្តង៕
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024