ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥

ក្រុមបាល់ទះកម្ពុជា ចេញទៅដណ្តើមពានរង្វាន់មិត្តភាពអន្តរជាតិ Tri-Nation នៅម៉ាឡេស៊ី

២៩ មីនា ២០២៣ | កីឡា

 

ក្រុមបាល់ទះជម្រើសជាតិកម្ពុជាផ្នែកបុរស បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ីហើយ កាលពីវេលាម៉ោង ២:០០នាទីរសៀល ថ្ងៃអង្គារ ទី២៨ ខែមីនា ម្សិលមិញនេះ ដើម្បីទៅចូលរួមប្រកួតពានរង្វាន់បាល់ទះមិត្តភាពអន្តរជាតិ Tri-Nation Volleyball Cup 2023 នៅប្រទេសម៉ាឡេស៊ី ។មុនចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា៖«ខ្ញុំគិតថាក្រុមម៉ាឡេស៊ី និង សិង្ហបុរី សុទ្ធតែពង្រឹងក្រុមរៀងៗខ្លួន ក្នុងពេលកន្លងមក ជាពិសេសមិនមែនក្រុមតែ២នេះទេ ក្រោយចប់ស៊ីហ្គេម នៅវៀតណាម កន្លងទៅឃើញថាក្រុមអាស៊ាន សុទ្ធតែពង្រឹងក្រុមរៀងៗខ្លួន» ។ 

 

 

លោកបន្តថា៖«សម្រាប់ក្រុមកម្ពុជា យើងក្នុងមួយរយៈកន្លងមក ឃើញថាមានគុណផលខ្ពស់គួរសម ទាំងការប្រកួតមិត្តភាពជាមួយក្រុមមកពីគុយបា សិង្ហបុរី និងក្រុមយុវជនរបស់បារាំង តែយើងមិនទាន់អាចនិយាយថាមានគុណភាពខ្ពស់នោះទេ តែអ្វីដែលវាស់ស្ទង់នោះគឺលទ្ធផលដណ្តើមបានមេដាយ នៅស៊ីហ្គេមដែលយើងធ្វើជាម្ចាស់ផ្ទះខាងមុខ»។ ថ្នាក់ដឹកនាំសហព័ន្ធបានបញ្ជាក់ទៀតថា៖ «ពេលត្រឡប់មកពីម៉ាឡេស៊ី វិញក្រុមកម្ពុជា ត្រៀមប្រកួតមិត្តភាពជាមួយក្រុមបាល់ទះមកពីខេត្តសានទុង របស់ចិន នៅថ្ងៃទី៥ និងទី៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ក្នុងរាជធានីភ្នំពេញ។ ក្រុមសាន់ទុង ជាក្រុមល្អមួយនៅប្រទេសចិន ដែលធ្លាប់ឈ្នះពានរង្វាន់ក្នុងស្រុក ហើយបច្ចុប្បន្នគេឈរកំពូលតារាង នៅលីគបាល់ទះចិន» ។

 

 

គួរបញ្ជាក់ថា ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិ Tri-Nation Volleyball Cup 2023 នឹងដំណើរការប្រកួត ចាប់ពីថ្ងៃទី ២៩ មីនា ដល់ ថ្ងៃទី ០១ មេសា នៅទីលានបាល់ទះ MBSA Indoor Volleyball Hall Section 4 នៅ Selangor ម៉ាឡេស៊ី ។ ក្រោមការដឹកនាំក្រុមដោយគ្រូបង្វឹកជនជាតិចិន លោក Li Jun កម្ពុជា នឹងត្រូវប្រកួតដំបូង ដោយប៉ះក្រុមម្ចាស់ផ្ទះម៉ាលេស៊ី ក្រុមA នៅថ្ងៃទី២៩ ខែមីនា វេលាម៉ោង ៩:៣០នាទីយប់ ហើយប្រកួតទី២ នឹងត្រូវជួបក្រុមបាល់ទះជម្រើសជាតិសិង្ហបុរី នៅថ្ងៃទី៣០ ខែមីនា វេលាម៉ោង ៧:៣០នាទីយប់ ហើយប្រកួតចុងក្រោយ កម្ពុជានឹងត្រូវជួប ម៉ាឡេស៊ី ក្រុមB នៅថ្ងៃទី៣១ ខែមីនា ។ ចំពោះរូបមន្តនៃការប្រកួត ក្រោយចប់ការប្រកួតវិលជុំសន្សំពិន្ទុ ក្រុមដែលមានពិន្ទុច្រើនជាងគេ លេខរៀងទី១និងទី២ នឹងត្រូវប៉ះគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ យកជើងឯកប្រចាំឆ្នាំតែម្តង ។ សូមបញ្ជាក់ថាក្រុមជម្រើសជាតិបាល់ទះកម្ពុជា កំពុងតែត្រៀមខ្លួនយ៉ាងខ្លាំង ទាំងការហ្វឹកហាត់ ការប្រកួតមិត្តភាព ដើម្បីត្រៀមខ្លួនក្នុងការប្រកួតដណ្តើមមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

 

អត្ថបទ និងរូបភាព៖ រ៉ែត ស្ដាលីន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025