ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អាមេរិក បន្តដោះស្រាយបញ្ហាអតិផរណា ទោះមានភាពចលាចលក្នុងប្រព័ន្ធធនាគារ

២៤ មីនា ២០២៣ | សេដ្ឋកិច្ច

 

ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាអតិផរណា ចំពេលមានភាពចលាចលថ្មីៗនេះនៅក្នុងទីផ្សារហិរញ្ញវត្ថុ ដែលជំរុញដោយការដួលរលំនៃធនាគារអាមេរិកចំនួន២។ ប្រធានធនាគារកណ្តាលអាមេរិក បានបើកសន្និសីទសារព័ត៌មាន ជាមួយនឹងការផ្តោតលើវិបត្តិធនាគារនាពេលថ្មីៗនេះ ដោយស្វែងរកការធានាដល់អ្នកដាក់ប្រាក់បញ្ញើ អ្នកប្រើប្រាស់ និងធុរកិច្ចថា ប្រព័ន្ធធនាគារអាមេរិកនេះ មានភាពល្អប្រសើរ បន្ទាប់ពីការវិវាទនៃសកម្មភាពដែល ធនាគារកណ្តាល និងនិយតករផ្សេងទៀត បានធ្វើនៅក្នុង ២សប្តាហ៍ចុងក្រោយនេះ។

 


លោកបន្តថា មន្រ្តីទាំងអស់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រើឧបករណ៍ទាំងអស់របស់ធនាគារកណ្តាល តាមតម្រូវការ ដើម្បីរក្សាឱ្យមានសុវត្ថិភាព។ទោះបីជាយ៉ាងណាក៏ដោយ ភាពចលាចលនេះ ប្រហែលជានឹងធ្វើឱ្យប៉ះពាល់ដល់កំណើន និងទស្សនវិស័យសេដ្ឋកិច្ច ដោយព្រឹត្តិការណ៍ថ្មីៗ ទំនងជានឹងនាំឱ្យមានលក្ខខណ្ឌឥណទានកាន់តែតឹងរ៉ឹង សម្រាប់គ្រួសារ និងអាជីវកម្ម។

 


ទោះជាមានការដួលរលំនៃធនាគារ សេចក្តីថ្លែងការណ៍គោលនយោបាយចុងក្រោយបំផុតរបស់ធនាគារកណ្តាលអាមេរិក បាននិយាយថា ការកើនឡើងជាបន្តបន្ទាប់នៃអត្រាការប្រាក់ គឺជារឿងសមស្រប ដោយគោលនយោបាយនេះ ត្រូវបានលើកឡើង ចាប់តាំងពីការសម្រេចចិត្តថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ដើម្បីចាប់ផ្តើមវដ្តនៃការដំឡើងអត្រាការប្រាក់។

 


ប្រធានធនាគារកណ្តាលអាមេរិក បានផ្តល់សក្ខីកម្មនៅក្នុងសភាថា អតិផរណាដែលក្តៅជាងការរំពឹងទុកទំនងជានឹងបង្ខំឱ្យធនាគារកណ្តាល ដំឡើងអត្រាការប្រាក់ខ្ពស់ និងអាចធ្វើទៅបាន លឿនជាងការរំពឹងទុក។

 


សូមជម្រាបថា ធនាគារកណ្តាល បន្តរក្សាការផ្តោតអារម្មណ៍លើការធ្វើឱ្យអតិផរណាធ្លាក់ចុះ ពីព្រោះ ក្នុងរយៈពេលវែងជាងនេះ វាគឺជារឿងដែលនឹងផ្តល់ផលប្រយោជន៍ច្រើនបំផុតដល់ ប្រជាជនអាមេរិក៕
 

 

អត្ថបទ៖ ងួនសុភ័ត្រ្តា  រូបភាព៖ ឯកសារ (US fighting inflation)

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024