ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អង្គការសហប្រជាជាតិ ទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចសកល មកត្រឹម ១,៩% ក្នុងឆ្នាំ ២០២៣

២៧ មករា ២០២៣ | សេដ្ឋកិច្ច

 

អង្គការសហប្រជាជាតិ ហៅកាត់ថា UN បានកាត់បន្ថយការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ មកត្រឹម ១,៩% ដែលជាការធ្លាក់ចុះទាបបំផុតក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយ របស់ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 


របាយការណ៍អំពី ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យ ដែលចេញផ្សាយដោយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់ អង្គការសហប្រជាជាតិ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ មានត្រឹមតែ ១,៩% មុននឹងកើនឡើងក្នុងកម្រិតមធ្យមដល់ទៅ ២,៧% នៅឆ្នាំ ២០២៤ ខណៈដែលម៉ាក្រូសេដ្ឋកិច្ចមួយចំនួន ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំក្រោយ។

 


របាយការណ៍បាននិយាយថា ចំពេលអតិផរណាខ្ពស់ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ និងការកើនឡើងនូវភាពមិនច្បាស់លាស់ ការធ្លាក់ចុះនាពេលបច្ចុប្បន្ននេះបានធ្វើឱ្យ ល្បឿននៃការងើបឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ កាន់តែយឺតយ៉ាវ ដោយបានគំរាមកំហែងដល់ប្រទេសមួយចំនួន ទាំងប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍ ជាមួយនឹងទស្សនវិស័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំ ២០២៣។

 


UN បានបន្តថា កំណើនបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសេដ្ឋកិច្ចអភិវឌ្ឍន៍ផ្សេងទៀតនៅឆ្នាំ ២០២២ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ សេដ្ឋកិច្ចពិភពលោក តាមរយៈបណ្តាញមួយចំនួន។

 


កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ត្រូវបានព្យាករណ៍ថា នឹងមានភាពប្រសើរឡើងក្នុងកម្រិតមធ្យមនៅឆ្នាំ ២០២៣។សូមបន្ថែមថា រដ្ឋាភិបាលចិន បានកែសម្រួលគោលនយោបាយកូវីដរបស់ខ្លួន នៅចុងឆ្នាំ ២០២២ និងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៤,៨% នៅឆ្នាំ ២០២៣៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024