ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

មន្ត្រីជំនាញ ព្រមានថា កុំយកអ្នកជំងឺគ្រុនឈាម ទៅព្យាបាលក្រៅពីមន្ទីរពេទ្យរដ្ឋ

១៣ មករា ២០២៣ | ព័ត៌មានជាតិ

 


មន្ត្រីទទួលបន្ទុក បានព្រមានថា ឆ្នាំ២០២៣ នេះ នឹងមានជំងឺគ្រុនឈាម ផ្ទុះឡើងខ្លាំងជាងឆ្នាំ២០២២ ទៅទៀត។ ហេតុនេះ សូមប្រុងប្រយ័ត្នខ្ពស់ កុំឱ្យមូសខ្លាញីខាំ ហើយនៅពេលមានអ្នកណាម្នាក់ ក្តៅខ្លួន ចាប់ពី ៣៧,៥ អង្សាឡើងទៅ ត្រូវយកទៅមន្ទីរពេទ្យរដ្ឋ កុំឱ្យហួសពី ៤៨ ម៉ោង ឬ ២ថ្ងៃ។ មន្ត្រីជំនាញ ក៏បានផ្តាំថា កុំទៅកន្លែងព្យាបាលតាមភូមិ និងកុំព្យាបាលដោយខ្លួនឯង ដូចជា ដោយការផ្សំថ្នាំ នៅតាមគ្លីនិកឯកជន ជាដើម គឺត្រូវនាំអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យរដ្ឋ។

 


ឆ្នាំ២០២២ កន្លងទៅ គឺជាឆ្នាំដែលមានជំងឺគ្រុនឈមផ្ទុះខ្លាំង គឺជាង ១២ ៥០០ ករណី ក្នុងនោះស្លាប់ ១៩ ករណី ហើយករណីស្លាប់ទាំងនោះទៀតសោត ភាគច្រើនបំផុតគឺបណ្តាលមកពីការបញ្ជួនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋ យឺតពេល គឺនៅពេលអ្នកជំងឺមានអាការក្តៅខ្លួន ប្រជាពលរដ្ឋគិតថាជាជំងឺតូចតាច ទើបទៅរការព្យាបាលនៅតាមពេទ្យភូមិតូចតាច ដែលមិនមានជំនាញច្បាស់លាស់ និងមិនមានឧបករណ៍គ្រប់គ្រាន់ក្នុងការជួយសង្គ្រោះអ្នកជំងឺ ឬគ្រាន់តែទៅផ្សំថ្នាំដោយខ្លួនឯង នៅតាមកន្លែងលក់ឱសថជាដើម ។ លុះពេលអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ទើបបញ្ជួនទៅពេទ្យរដ្ឋ គឺវាបានយឺតពេលទៅហើយ ។ នេះគឺជាការពន្យល់ជាលក្ខណៈព្រមានរបស់លោកវេជ្ជបណ្ឌិត លាង ឬទ្ធា នាយកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ ។

 


ក្នុងន័យនេះ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានផ្ញើសារក្រើនរំឭកយ៉ាងទទូច និង ដដែលជាដដែលថា ប្រសិនបើមានអាការក្តៅខ្លួនចាប់ពី ៣៧,៥ អង្សាឡើងទៅ និងមានរោគសញ្ញា ដូចជាមុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួត ឬក្អួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញ ត្រូវរួសរាន់យកទៅព្យាបាលនៅពេទ្យរដ្ឋ ដែលនៅជិតបំផុត កុំឱ្យលើសពី ៤៨ ម៉ោង និង សូមកុំសាកល្បងព្យាបាលដោយខ្លួនឯង ឬយកទៅកន្លែងព្យាបាលតូចៗនៅតាមភូមិ ក៏ដូចជានៅមន្ទីរពេទ្យឯកជន ដោយសារពួកគាត់ពុំមានឧបករណ៍គ្រប់គ្រាន់ ហើយក៏កុំសាកល្បងព្យាបាលដោយខ្លួនឯង ដូចជាផ្សំថ្នាំនៅតាមកន្លែងលក់ឱសថ ។

 


តាមពិតជំងឺគ្រុឈាម គឺជាជំងឺដែលអាចព្យាបាលជា ប្រសិនបើគេយកអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋ មិនយឺតជា ៤៨ ម៉ោង ។ ប៉ុន្តែ ជំងឺគ្រុនឈាម នឹងប្រែទៅជាជំងឺដ៏កាចសាហាវ ដែលនឹងអាចផ្តាច់ផ្តិលអាយុជីវិតរបស់អ្នកជំងឺ ត្រឹមតែក្នុងរយៈពេល ៣ទៅ ៤ថ្ងៃ ប៉ុណ្ណោះ ក្នុងករណីគេមិនយកអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋ និង ទុកឱ្យយឺតពេលជាង ៤៨ ម៉ោង ។

 


គួររំឭកថា ប៉ុន្មានថ្ងៃមុននេះ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានព្រមានថា នៅក្នុងឆ្នាំ២០២៣ នេះ ជំងឺគ្រុនឈាមអាចនឹងផ្ទុះទ្រង់ទ្រាយធំជាងឆ្នាំ២០២២ ទៅទៀត ។ ហេតុនេះ ត្រូវធ្វើយ៉ាងណា កុំឱ្យមូសខ្លាញីខាំ ដូចជាកម្ចាត់របស់ដក់ទឹកដែលអាចឱ្យមូសខ្លាពងកូន និង ជម្រកមូលខ្លាជាដើម ហើយការស្លៀកសម្លៀកបំពាក់ដៃវែង ជើងវែង ទទួលទានដំណេកក្នុងមុង ជាពិសេសមុងជ្រលក់ថ្នាំជាដើម នៅតែជាមធ្យោបាយដ៏ចាំបាច់ ៕

 

 

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024