ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥
ខ្សែភាពយន្តហូលីវូដ "Mulan” ដែលផលិតតាមគំនូរជីវចលដ៏ល្បី កាលពីដំបូងគឺគ្រោងនឹងចាក់បញ្ចាំងនាអំឡុងខែមីនា ប៉ុន្តែត្រូវលើកពេលដល់ថ្ងៃទី ២៤ ខែកក្កដា ដោយសារតែជំងឺកូវីដ១៩ បានរាតត្បាតពាសពេញពិភពលោក បានបង្ខំឲ្យរោងភាពយន្តទូទាំងពិភពលោកត្រូវបិទទ្វារ។
នាពេលនេះផលិតកម្ម Walt Disney បានប្រកាសអំពីការលើកពេលចាក់បញ្ចាំងជាថ្មីម្ដងទៀត ដែលត្រូវលើកពេលរហូតដល់ថ្ងៃទី ២១ ខែសីហា។ ការប្រកាសរបស់ផលិតកម្ម បានធ្វើឲ្យអ្នកគ្រប់គ្រងរោងភាពយន្តខកចិត្តជាខ្លាំង ដោយសារពួកគេចង់ឲ្យខ្សែភាពយន្ត Mulan នេះជួយអូសទាញទស្សនិកជនមកកាន់រោងភាពយន្តវិញ។
គួរបញ្ជាក់ថាឧស្សាហកម្មរោងភាពយន្តបានរងការវាយប្រហារខ្លាំង ព្រោះតែជំងឺកូវីដ១៩ ដោយមានបុគ្គលិករាប់ម៉ឺននាក់បានបាត់បង់ការងារ ហើយរោងភាពយន្តត្រូវខ្ចីប្រាក់ធនាគារដើម្បីអាចបន្តឈរជើងបាន។ នាខែកក្កដាខាងមុខនេះ រោងភាពយន្តធំៗនៅសហរដ្ឋអាមេរិកមាន AMC Entertainment , Cinemark និង Regal Cinemas នឹងចាប់ផ្ដើមបើកដំណើរការឡើងវិញ ដោយមានចាត់វិធានការតឹងរ៉ឹងដើម្បីរក្សាសុវត្ថិភាព ដូចជាការកំណត់ចំនួនអ្នកទស្សនាក្នុងរោងនីមួយៗ, ការលាងសម្អាតជាទៀងទាត់ និងការចែកម៉ាស់សម្រាប់អ្នកទស្សនា និងបុគ្គលិកជាដើម៕
ប្រែសម្រួល៖ វ៉ាន់ថន