ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥

កំពែងក្រុងអង្គរធំចំនួន ៧កន្លែង ស្មើនឹង ១៣៥ម៉ែត្រត្រូវបានជួសជុលពង្រឹងឱ្យផុតពីគ្រោះថ្នាក់

២៦ មិថុនា ២០២០ | ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាបានអោយដឹងថា កំពែងក្រុងអង្គរធំចំនួន៧ កន្លែងក្នុងចំណោម១៨កន្លែងដែលរងការខូចខាតដោយគ្រោះធម្មជាតិ បរិយាកាស អាយុកាលថ្ម រចនាសម្ពន្ធសំណង់ទ្រុឌទ្រោម និងដីកណ្តៀរ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាជួសជុលបានសម្រេចប្រវែង១៣៥ម៉ែត្រ ក្នុង៣ដំណាក់កាលផ្សេងគ្នាដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង។ 

 


ការជួសជុលនេះធ្វើឡើងក្នុងគោលបំណងអភិរក្សនិងពង្រឹងកំពែងក្រុងអង្គរធំឱ្យកាន់តែរឹងមាំដើម្បីរក្សាសោភ័ណភាពកំពែង និងខ្លោងទ្វារអង្គរធំទាំងអស់ឱ្យនៅគង់វង្សយូរ អង្វែង។ ដំណើរការជួសជុលបានចាប់ផ្តើមពីឆ្នាំ២០១៤ សរុបបានប្រវែង១៣៥ម៉ែត្រ ដែលក្នុងនោះមានប្រវែង២០ ម៉ែត្រនៅខាងកើតខ្លោងទ្វារដីឆ្នាំង និងប្រវែង១១៥ម៉ែត្រនៅខាងលិចខ្លោងទ្វារទន្លេអុំ។ 

 


លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលកំពែងក្រុងអង្គរធំនិងជាមន្ត្រីនាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានរើសយកកន្លែងដែលមានហានីភ័យខ្ពស់មកជួសជុលមុន ព្រោះកន្លែងទាំងនោះបានរងផលប៉ះពាល់ខ្លាំងដោយធម្មជាតិ ។

 


ក្នុងការជួសជុល ក្រុមការងារបានផ្តោតសំខាន់លើបច្ចេកទេសការរៀបជញ្ជាំងថ្មបាយក្រៀមទៅវិញពីមួយស្រទាប់ទៅមួយស្រទាប់ ការបុកបង្ហាប់ដីឱ្យមាំ ដើម្បីពង្រឹងកំពែងឱ្យមានសុវត្ថិភាពខ្ពស់ការពារការជ្រៀបទឹក បង្កើនគុណភាពសំណង់ សោភ័ណ ភាព ដោយរក្សាទម្រង់ដើមនៃកំពែង និងស្រាវជ្រាវប្រវត្តិនៃការជួសជុលពីអតីតកាល។ មិនតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរាក៏គិតគូរពីសុវត្ថិភាពសំណង់ដើម្បីរក្សាភាពគង់វង្ស ដោយការធ្វើជំរាលទឹកហូរ និងដាំស្មៅតាមជើងទេរដើម្បីទប់ការហូរច្រោះ។

 


ចំពោះការជួសជុលកំពែងអង្គរធំនេះគឺត្រូវការពេលវេលាច្រើនព្រោះត្រូវការសិក្សាស្រាវ ជ្រាវពីរចនាសម្ពន្ធសំណង់ ប្រវត្តិជួសជុល និងចំណុចដែលមានហានីភ័យខ្ពស់។ ពិសេស គឺពេលជួសជុលទាមទារត្រូវគោរពតាមធម្មនុញ្ញអង្គរ ការចុះតាមដានការងារនិងវាយតម្លៃពីអ្នកជំនាញគណៈកម្មការអាយស៊ីស៊ី-អង្គរ រួមទាំងការថែទាំ ការទល់ទ្រ កាត់ក្រីមែកឈើ និងដករុក្ខជាតិដែលដុះលើជញ្ជាំងកំពែងផងទៀតផង។

 


ចំពោះផែនការអនាគត អាជ្ញាធរជាតិអប្សរាមានគម្រោងជួសជុលកំពែងអង្គរធំដែលរងនូវគ្រោះថ្នាក់ទាំងអស់ឱ្យមានសុវត្ថិភាពតាមរយៈការអភិរក្សជាជំហានៗដើម្បីលើកតម្លៃមរតកដូនតាឱ្យនៅយូរអង្វែង៕


រូបភាព៖ អាជ្ញាធរអប្សរា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025