ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ ព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលរំពឹងទុកថា កើន ៣,៨% នៅក្នុងឆ្នាំ ២០២៣ គឺពុំអាចសម្រេចបានទៅតាមគោលដៅកំណត់នោះទេ ដោយសារតែ បញ្ហាសេដ្ឋកិច្ចសកល នៅតែបន្តថមថយចុះ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកថៃ។
ក្រសួងហិរញ្ញវត្ថុថៃ បានបញ្ជាក់ថា ទោះជាឆ្នាំថ្មី ពុំអាចសម្រេចគោលដៅកំណើនក៏ដោយ ក្នុងឆ្នាំ ២០២២ ថៃ នៅតែអាចសម្រេចបានកំណើនសេដ្ឋកិច្ចល្អ ដូចការរំពឹងទុក។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងថា ការធ្លាក់ចុះនៃការនាំចេញ នឹងមិនប៉ះពាល់ដល់ទស្សនវិស័យកំណើន ៣,៤% នៅឆ្នាំ ២០២២នេះទេ ដោយសារវិស័យទេសចរណ៍ដ៏សំខាន់ បានកើនឡើង។
ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនរបស់ថៃ បានធ្លាក់ចុះ ក្នុងខែតុលា ជាលើកដំបូងក្នុងរយៈពេល ២០ខែ ហើយក្រសួងពាណិជ្ជកម្មថៃ បានព្យាករណ៍ថា នឹងមានការធ្លាក់ចុះបន្ថែមទៀត ដោយសារតែតម្រូវការទីផ្សារពិភពលោក កាន់តែទន់ខ្សោយ។
ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូននាំចេញ នៅតែកើនឡើង ៩% ក្នុងរយៈពេល ១០ខែដំបូងឆ្នាំ ២០២២ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ក្រសួងហិរញ្ញវត្ថុថៃ រំពឹងថាការនាំចេញ នឹងកើនឡើង ៨% នៅឆ្នាំនេះ និងកើនឡើង ២% នៅឆ្នាំក្រោយ។
ដោយឡែក ក្រសួងរំពឹង ការមកដល់នៃភ្ញៀវទេសចរបរទេសចំនួន ១០លាននាក់ក្នុងឆ្នាំ ២០២២ និង ២១លាននាក់ក្នុងឆ្នាំ ២០២៣ ដោយវិស័យទេសចរណ៍ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ទោះបីជាមានសញ្ញានៃការធ្លាក់ចុះការនាំចេញក៏ដោយ។
ជាមួយគ្នានេះ អង្គភាព Economic Intelligence Center ដែលជាអង្គភាពស្រាវជ្រាវក្រោមធនាគារដ៏ធំមួយនៅប្រទេសថៃ បានកាត់បន្ថយការព្យាករណ៍កំណើន GDP របស់ថៃ សម្រាប់ឆ្នាំ ២០២៣ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការកើនឡើងនូវ លទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសអភិវឌ្ឍន៍។
ជាចុងក្រោយ អង្គភាពស្រាវជ្រាវនេះ បានបន្ទាបអត្រាកំណើន GDP របស់ប្រទេសថៃ សម្រាប់ឆ្នាំ ២០២៣ មកត្រឹម ៣,៤% ធៀបនឹងការព្យាករណ៍ពីមុន ៣,៧% ខណៈបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២៣ របស់ខ្លួនពី ២,៧% មកត្រឹម ១,៨%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ